ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃ ពុធ ១៤ រោចខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ នេះ លោកគុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង
លោកឈា ហ៊ន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង នឹង
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមទាំងគណៈប្រតិភូ បានអញ្ជើញត្រួតពិនិត្យមើលទីតាំងសាលារៀន មណ្ឌលសុខភាព និងស្តូប ស្នាមព្រះហស្ថ .ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា.”ព្រះបរមរតនកោដ្ឋ” ដែលនឹងត្រូវជួសជុលឡើងវិញ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។
មានប្រសាសន៍ក្នុងឱកាលចុះត្រួតពិនិត្យ លោក គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា÷ ស្តូបអនុស្សាវរីយ៍ក្នុងស្រុកបុរីអូរស្វាយសែនជ័យ នេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៦៣ ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណង ការពារ បូរណភាពទឹកដី។
លោក គុយ សុផល បានបន្តថា÷ ការកែលម្អឡើងវិញសោភ័ណ្ឌភាពសួនច្បារ និងស្តូប អនុស្សាវរីយ៍នេះ នឹងចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវ ទេសចរណ៍ មកទស្សនា ស្នាមព្រះហស្ថរបស់ សម្តេចតា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ”ព្រះបរមរតនកោដ្ឋ” និងការអភិវឌ្ឍន៍នានា របស់ស្រុកបុរីអូរស្វាយសែនជ័យ ក៏កំពុងខិតខំកសាងអភិវឌ្ឍទីប្រជុំជនស្រុក ជាបណ្ដើរៗផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរគណៈប្រតិភូ បានបន្តដំណើរអញ្ជើញចុះត្រួតពិនិត្យ សាលារៀន មណ្ឌលសុខភាព និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង ពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចម៉ែ និងផ្ដល់ជាអំណោយ ដល់ប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបាន សារុងមួយ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ សូរិយា