ខេត្តបន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសិករងស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ និង មានប្រជាពលរដ្ឋខ្មែរចំនួន០៧នាក់ បានវិលពីប្រទេសថៃចូលមកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។
លោក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ ខែក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ដើមត្រសេក នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចំនួន០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ណុប អឿន ជានាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំ បានធ្វើទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ២១នាក់ (ស្រី០៩នាក់ កុមា០១នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា៖ប្រជាពលរដ្ឋទាំង២១នាក់នោះ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៤គឺ៖១/-បន្ទាយមានជ័យ ចំនួន ១៤នាក់,២/-កំពង់ចាម ០៣នាក់,៣/-ក្រចេះ ០២នាក់,៤/-កំពត ០២នាក់ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីវិធានការបន្តតាមនីតិវិធី។
លោក សួង សៅ បានបញ្ជាក់បន្ថែមទៀតថា៖នៅវេលាម៉ោង០៨និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ដដែលនេះដែរ ក៏មានប្រជាពលរដ្ឋខ្មែរ ចំនួន០៧នាក់( ស្រី០១នាក់និងកុមារ០២នាក់)បាន វិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគាត់មានទីលំនៅក្នុងខេត្ដ សៀមរាប ។ប្រជាពលរដ្ឋទាំង០៧នាក់ បន្ទាប់ពីធ្វើការណែនាំស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលរបស់ មេរោគកូវីដ-១៩ រួច កម្លាំងប៉ុស្ដិ៍ចំបក់បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ៕
ដោយ៖វណ្ណា