(កំពង់ធំ)៖ ឈ្មួញបំផ្លាញឈើព្រៃមិនទាន់គ្រប់អាយុ យ៉ាងសកម្ម ឈ្មោះ ទៀប ធួក ហៅធួក អាយុ៤៩ឆ្នាំ រស់នៅ ភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅតែបន្តដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងគឃ្លើន ចេញពីព្រៃសហគមន៍(ស្រែក្រសាំង)ស្ថិតក្នុងភូមិសាស្រ្តភូមិក្រសាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដដែល។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១១,៣០នាទី មានរថយន្តកូរ៉េខ្នាត ២តោនកន្លះ ចំនួន៣ គ្រឿង បានឆ្លងកាត់សមត្ថកិច្ចជំនាញនៅតាមដងផ្លូវ ដូចជាមិនមានការព្រួយបារម្ភពីការបង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញឡើយ ទោះបីជននេះ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំទើបតែបង្ក្រាបបានរថយន្ត១គ្រឿងដឹកបទល្មើសថ្មីៗក៏ដោយ។ ដោយមើលឃើញសកម្មភាពដឹកជញ្ជូនបទល្មើសឈើព្រៃយ៉ាងគឃ្លើនបែបនេះធ្វើឲ្យ មានមតិមហាជនខ្លះយល់ច្រឡំ ជាការត្រូវរូវជាមួយជំនាញ ទើបហ៊ានចរាចរណ៍ដឹកជញ្ជូនដោយមិនញញើតបែបនេះ។
ទាំងនេះគឺជាមតិមហាជនលើកឡើងតែប៉ុណ្ណោះ ដោយឡែកលោកប៊ុន សុធីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានប្រាប់ភ្នាក់ងារ សារព័ត៌មាន ឱ្យដឹងថា លោកបានបញ្ជា គ្រប់ផ្នែក សង្កាត់ ឲ្យចាត់ វិធានការបង្ក្រាបបទល្មើសព្រៃឈើ និង ការកាប់រានដីព្រៃ គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ។ លោកបន្តទៀតថា ចំពោះករណីខាងលើគឺ លោកមិនបានដឹងនោះទេ ប៉ុន្តែលោកនឹងចាត់ឱ្យផ្នែកស្រាវជ្រាវចាត់វិធានការ បង្ក្រាបតាមច្បាប់ស្ដីពីព្រៃឈើ។
ជាមួយគ្នានេះលោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ក៏បានបញ្ជាក់ឱ្យដឹងដែលថា ចំពោះថ្ងៃនេះផ្ទាល់លោកកំពុងតែចំណាត់ការរឿង ឡានបុគ្គលឈ្មោះ ទៀប ធួក ដែលបង្ក្រាបពីថ្ងៃមុន ដោយបង់ផាកពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ។ ដោយឡែកចំពោះករណីដែលបុគ្គលខាងលើបន្តដឹកជញ្ជូនថ្មីៗនេះ គឺលោកពុំបានដឹងនោះទេ ។ លោក ឈឿង គុណ បន្តទៀតថា សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ដំណឹង រាល់ពេលសកម្មភាពការដឹកជញ្ជូនបទល្មើសនានា ដើម្បីអោយកំលាំងជំនាញឈានដល់ការបង្ក្រាបជាក់ស្ដែង។
គួររំលឹកផងដែរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំបានធ្វើការស្ទាក់ចាប់បានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ (ភ្នំពេញ 3A ,0146) ដឹកប្រភេទឈើព្រៃ ដែលគេដឹងថាជាកម្មសិទ្ធិរបស់មេឈ្មួញ ឈ្មោះទៀប ធួក ខាងលើ ត្រង់ចំណុចផ្លូវវាងក្រុង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្នុងនោះលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីជនសង្ស័យឈ្មោះ ទៀប ធួក នេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយដែរ។
ទោះជាយ៉ាងនេះក្តី មហាជនដែលស្នេហាវិស័យធនធានធម្មជាតិ ជាពិសេសលើវិស័យព្រៃឈើនេះ សូមសំណូមពរដល់មន្ទីរអាជ្ញាធរពាក់ព័ន្ធ សូមបង្កើនឆន្ទៈក្នុងការបង្ក្រាបបទល្មើសនានា ឲ្យខានតែបាន ស្របនិងប្រសាសន៍របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រី ពាក់ព័ន្ធចូលរួមរឹតបន្តឹងអនុវត្តន៍ច្បាប់នៃព្រៃឈើបើបុគ្គលរូបណាអនុវត្តផ្ទុយនឹងច្បាប់ត្រូវតែផ្ដន្ទាទោសតាមនីតិវិធី ដើម្បីរក្សានិងអភិរក្សធនធានធម្មជាតិដែលសេសសល់រក្សាបានគង់វង្សជានិរន្តន៍។