ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់បន្ទាប់ពីមានករណីភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចផ្សារអន្តរជាតិបាវិត ដែលបណ្តាលអោយឆាបឆេះតូបលក់អីវ៉ាន់ចំនួន០៧តូបដោយទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សាអន្តរជាតិបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថាករណីអគ្គីភ័យឆាបឆេះនៅចំណុចផ្សារអន្តរជាតិបាវិត ដែលបណ្តាលអោយឆាបឆេះតូបលក់អីវ៉ាន់ចំនួន០៧តូប រួមមានម៉ាស៊ីនត្រជាក់ ទូទឹកកក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខូចខាតទាំងស្រុង។
ប្រភពបន្តថាបច្ចុប្បន្នអគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង១១និង៥០នាទីថ្ងៃដដែលដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន២គ្រឿងខណៈមិនមានមនុស្សរងគ្រោះថ្នាក់នោះទេដោយមានចូលរួមសហការជាមួយប្រជាពលរដ្ឋប្រជាការពារភូមិសមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថក្រុងបាវិតផងដែរ៕
ដោយ៖ សុថាន