ខេត្តស្ទឹងត្រែង៖ រថយន្តសាំយ៉ុង១២កៅអីមួយគ្រឿង បានក្រឡាប់យ៉ាងតិចចំនួន៣ត្រឡប់ ក្អួតចេញសុទ្ធតែប្រភេទឈើប្រណិតបេង តែសំណាងល្អអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ-សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
សាក្សីនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរពីទិសដៅស្រុកសៀមប៉ាង ឆ្ពោះចូលខេត្តស្ទឹងត្រែង ប៉ុន្តែមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបែកកង់មុខក៏បណ្តាលឲ្យទាញរេចង្កូតទៅបុកនិងបង្គោលផ្លូវបុកបាក់អស់ចំនួន៦ និងក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចេញសុទ្ធតែឈើប្រណិតប្រភេទបេង ហើយអ្នកបើកបររួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
សាក្សីបន្តថា ក្រោយកើតហេតុមួយសន្ទុះ គេបានឃើញក្រុមដៃជើងរបស់ម្ចាស់ឡានបានមករំដោះយកឈើអស់មួយចំនួនធំដើម្បីគេចវេសពីការឃាត់ចាប់របស់សមត្ថកិច្ច។
សមត្ថកិច្ចខ្លះបានបង្ហើបថា ម្ចាស់ឈើប្រណិតខាងលើមានឈ្មោះ ណាក់ ជាអ្នករកស៊ីឈើដ៏ចេញមុខនៅខេត្តស្ទឹងត្រែង និងត្រូវវ៉ូវគ្នាបំផុតជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសខាងជំនាញរដ្ឋបាលព្រៃឈើផ្នែកនិងខណ្ឌខេត្តស្ទឹងត្រែងនេះតែម្តង។ មិនតែប៉ុណ្ណោះគ្រាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង អស់លោកមេព្រៃថែមទាំងទុលពេលឲ្យឈ្មួញ ណាក់ យករថយន្តមករំដោះលើឈើចេញពីកន្លែងកើតហេតុដើម្បីបែកធ្លាយរឿងបទល្មើសព្រៃឈើ តែស្ថានភាពនេះមិនអំណោយផលការប្រមូលឈើចេញមិនបានរួចរាល់ ក៏បន្សល់ទុកនូវភស្តុតាងបទល្មើសផងដែរ៕
ដោយ៖ មាស សុផាត