ឈ្មួញម្នាក់ផ្ទុះអាវុធ៤គ្រាប់ រួចហើយចូលសម្ងំក្នុងផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឡោមព័ទ្ធមួយយប់ ព្រឹកឡើងឃាត់ខ្លួនតែម្តង !

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យដែលបាញ់បោះសេរី គឺលោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញដែលបានបាញ់ជាច្រើនគ្រាប់ ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង កាលពីវេលាម៉ោង២២និង១៦នាទីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង
ប៊ុនណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយប្រើកាំភ្លើងខ្លីម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ហើយក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។
ក្រោយមកករណីនេះកម្លាំងសមត្ថកិច្ចបានហ៊ុមព័ទ្ធវីឡានេះពីខាងក្រៅតាំងពីយប់រហូតដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ(កងរាជអាវុធហត្ថសហការគ្នាជាមួយនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមមានបង់២ គ្រាប់៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់បុគ្គលលោក សុឹង ប៊ុនណា បែបនេះ គឺផ្ដើមចេញដោយសារខឹងនឹងប្រពន្ធរបស់ខ្លួន។

ទោះជាយ៉ាងណានៅមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធរបស់លោក សុឹង
ប៊ុនណា នៅឡើយទេ។
សូមបញ្ជាក់ថា ជនសង្ស័យជាឈ្មួញតើគាត់មានសិទ្ធិអីប្រើប្រាស់អាវុធ ? បញ្ហានេះសមត្ថកិច្ចនឹងបន្តនីតិវិធីស៊ើបអង្កេត ស្រាវជ្រាវរកឲ្យឃើញថា តើជនសង្ស័យខាងលើនេះបានអាវុធមកពីប្រភពណា? អ្នកណាជាអ្នកចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់? ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print