ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ បន្ទាប់ពីវាយនារីម្នាក់បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខវត្តលង្កា ផ្លូវព្រះសីហនុ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ សាន ស្រីកា អាយុ១៧ សិស្សសាលាច្បារអំពៅ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
និងឃាត់បានជនសង្ស័យមានឈ្មោះចំ រើន ភេទប្រុសអាយុ២០ឆ្នាំ ទីលំនៅសង្កាត់បស្សីកែវ ខណ្ឌបស្សីកែវ ដកហូតម៉ូតូNex មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-2469 ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្មេងទំនើងមួយក្រុមមានគ្នា៤នាក់បានជិះម៉ូតូ២គ្រឿងNex មួយគ្រឿងនិង១គ្រឿងទៀតមិនចាំម៉ាក បានជិះមកជួបមិត្តភក្តិជាច្រើននាក់នៅចំណុចមុខសួនច្បារមុខវត្តលង្កា ភ្លាមៗនោះក្រុមក្មេងទំនើងមួយក្រុមខាងលើបានឃើញនារីរងគ្រោះខាងលើកំពុងអង្គុយលេងតែម្នាក់ឯងនៅលើបង់ខណៈនោះក្រុមក្មេងទំនើងខាងលើបាននិយាយសារសងទៅនារីរងគ្រោះតែត្រូវនារីជេទៅលើក្រុមក្មេងទំនើងមួយក្រុមនោះធ្វើឲ្យក្រុមក្មេងទំនើងនោះក៏បាននាំគ្នាព្រួតវាយបណ្ដោយឲ្យរងរបួសតែមង្ត។ ភ្លាមៗនោះក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង១ដែលកំពុងតែធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមខាងលើកំពុងព្រួតវាយនារីក៏ដេញចាប់បានម្នាក់ ចំណែបក្ខពួកដទៃទៀតនាំគ្នារត់គេចខ្លួនបាត់អស់។
បច្ចប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍បឹងកេងកង១នាំទៅអធិការខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងដើម្បីចាក់ការតាមផ្លូវច្បាប់៕
ដោយ៖ ស រស្មី