ខេត្តកំពត ៖ កូនដើមកោងកាងចំនួន ២០០០ ដើមត្រូវបានដាំនៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រស្រុកត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត សហគមន៍ និងសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សរុបប្រមាណជាង ១០០ នាក់។ ពិធីដាំដើមកោងដែលរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិក្ន្ងចំណោមសាធារណជន និងជាពិសេសចូលរួមបង្កើតភាពបៃតង បង្កើនភាពសម្បូរបែបនៃជីវៈចម្រុះគ្រប់ប្រភេទ
ជាពិសេសធនធានជលផល ជួយការពារបរិស្ថានតំបន់ឆ្នេរ និងជួយទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុ។
យោងតាមស្ថិតិ កម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅក្នុងខេត្ត ៤ នៃប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្រ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបាន លើកឡើងថា ដើមកោងកាងបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងបាត់បង់ដោយសារតែកត្តាមនុស្ស និងកត្តាធម្មជាតិ ហើយកត្តាមនុស្សនៅតែជាកត្តាសំខាន់ដែលនាំឱ្យមានការបាត់បងដើមកោងកាង។ ប្រឈមមុខជាមួយនឹងបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើស និងជាមួយគ្នានេះ ក៏ដាក់ចុះវិធានការសេដ្ឋកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាតៀបន្ថយសម្ពាធលើធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញបានផលពីទេសចរណ៍ ធម្មជាតិ»។
លោក ម៉ាត់ ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថា ព្រៃកោងកាងជាឆ្នាំងបាយរបស់ប្រជានេសាទ និងជាវីឡារបស់ជីវៈចម្រុះ។ លោកបន្តថាចាប់តាំងពីឆ្នាំ២០១៤ មក សហគមន៍នេសាទត្រពាំងសង្កែបានរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គម្រោងធំរបស់សហគមន៍ផ្តោតលើការស្តារព្រៃកោង កាងឡើងវិញ។ តាំងពីឆ្នាំ២០១០ មក សហគមន៍បានដាំដើមកោងកានបានចំនួនជាង ៦០ម៉ឺនដើម។ លោកប្រធានសហគមន៍បានថ្លែងថា៖«ការចូលរួមដាំដើមកោងកាងបានចូលរួម បង្កើតមុខរបរ ទប់ស្កាត់ចំណាកស្រុក និងជំរុញកុមារឱ្យចូលរៀន និងយើងបានរៀបចំផែនការរួមគ្នាកសាងរោងចក្រផលិតអុកស៊ីសែនធម្មជាតិ»។ ជារៀងរាល់ថ្ងៃមានទេសចរជាតិខ្មែរនិងបរទេសទៅទស្សនាកម្សាន្តដើមកោងកាងនៅសហគមន៍ត្រពាំងសង្កែបានបង្កើតការងារនិងចំណូលដល់ពលរដ្ឋសហគមន៍តាមរយៈការផ្តល់សេវាផ្សេងៗ។
ចំណែកតំណាងលោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃ JCI Cambodia 2022 ក៏ដូចជាលោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃ JCI Chaktomuk 2022 និងលោក លឹម វណ្ណនរៈ ប្រធានគម្រោង Let’s Plant 2022 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមដាំដើមកោងកាងដើម្បី ជួយដល់បរិស្ថាន និងដល់សហគមន៍។
គួរបញ្ជាក់ថា ការដាំដើមកោងកាងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រោះដើមកោងកាងជាអង្គរក្សសមុទ្រដ៏សំខាន់ ក្នុងការទប់ស្កាត់ខ្យល់ព្យុះ ទឹកជំនន់ បង្កើនទីជម្រកដល់ជីវៈចម្រុះទាំងអស់ ក៏ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ជូនដល់ប្រជាជនតាមសហគមន៍ និងជាប្រជានេសាទ ដែលរស់នៅ និងប្រកបរបរនៅតាមតំបន់ឆ្នេសមុទ្រកម្ពុជា។ ការដាំស្តារព្រៃឡើងវិញ ជួយបង្កើនគម្របព្រៃឈើដែលជាទីជម្រកដ៏សំខាន់របស់ជីវៈចម្រុះ ដើម្បីចូលរួមអភិរក្សពូជមច្ឆជាតិជាពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម៕
ដោយ ៖ សហការី