(កំពង់ធំ)÷ ថ្ងៃចន្ទ០៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ រឹតបន្តឹងដល់ប្រជានេសាទដែលនេសាទហួសដែនកំណត់ និងមានលក្ខណៈទ្រង់ទ្រាយធំ។
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកខ្វែងក្របី ដល់រាំងជ្រុំ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លទ្ធផលអនុវត្តបាន ចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន: របាំងសាច់អួនក្រឡាញឹកចំនួន០១របាំងប្រវែង៣០០ម៉ែត្រ របាំងស្បៃមុងចំនួន ១៥របាំងប្រវែង៧៥០ម៉ែត្រ ឡុកចំនួន៣២គ្រឿង លប/លូចំនួន៣០មាត់ បង្គោលចំនួន៧០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន៣០គ.ក្រចូលទន្លេវិញ ។
ចំណែលឯក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោក វរសេនីយ៍ត្រីម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារទទួលខុសត្រូវក្នុងឃុំពាមបាង បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចទំនាបស្វាលាប់ស្ថិតក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន (០១ករណី) បានចុះរុះរើកាប់បំផ្លាញចោលឩបករណ៍នេសាទរបាំងសាច់អួននៅនឹងកន្លែងរួមមាន÷ របាំងសាច់ស្បៃមុងចំនួន០២របាំងប្រវែង៤០០ម៉ែត្រ លូសាច់ស្បៃមុងចំនួន០៨មាត់ ឡុកសាច់ស្បៃមុងចំនួន០៤គ្រឿង បង្គោលឈើចំនួន២៥០ដើម ត្រីចាកប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។