ខេត្តព្រះវិហារ៖ តំបន់ព្រៃសហគមន៍គូលេនជើង រងនូវការអារផ្តួលរលំជាបន្តបន្ទាប់ ជាមួយនិងមធ្យោបាយដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ខ្លះចោទថាក្រុមហ៊ុន កូម៉ូលី និងខ្លះទៀតចាត់ទុកថាឈ្មួញបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន កូម៉ូលី ក្នុងបទល្មើសព្រៃឈើនៅតំបន់អភិរក្សមួយនេះ។
អ្នកសារព័ត៌មានចំនួន២រូបត្រូវបានក្រុមឈ្មួញនៅទីនោះឃាត់ខ្លួនកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ និងដកហូតនូវម៉ាស៊ីនថតរូប ដើម្បីបំបាត់ភស្តុតាងរាល់សកម្មភាពផ្តិតយករូបភាព ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃសហគមន៍។
ក្រុមអ្នកការសែតបានរាយការណ៍មកថា យ៉ាងតិចមានរថយន្តបង្កង់ចំនួន៤គ្រឿងបានដឹកឈើចូលទីតាំងក្រុមហ៊ុន កូម៉ូលី នៅចំណុចក្នុងព្រៃចុងភូមិព្យួរជ្រូក ឃុំគូលេនជើង ស្រុកគូលេន ខេត្តព្រះវិហារ។ តាមរយៈនៃការផ្តិតយករូបភាពការដឹកជញ្ជូនឈើនេះទើបធ្វើឲ្យខាងក្រុមហ៊ុនបានចាប់យកទូរស័ព្ទនិងម៉ាស៊ីនថតរូប ព្យាយាមលុបចោល។
សព្វថ្ងៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃសហគមន៍គូលេនជើង មានទាំងឈ្មួញ មានទាំងខាងក្រុមហ៊ុន កូម៉ូលី ខណៈត្រូវរ៉ូវគ្នាជាមួយនិងជំនាញរដ្ឋព្រៃឈើ។ ម្យ៉ាងទៀតក្រុមអ្នកាសែត រួមទាំងសមាគមន៍ អង្គការ ខ្លះទៀតបានក្លាយទៅជាផ្ទាំងស៊ីបរបស់ក្រុមឈ្មួញទាំងនោះ តែងប្រើមធ្យោបាយគម្រាម និងប្តឹងចាប់ខ្លួនជាដើម ក្នុងគោលបំណងលាក់បាំងអំពើល្មើសច្បាប់របស់ពួកគេក្នុងមុខរបរកាប់បំផ្លាញព្រៃឈើក្នុងតំបន់សហគមន៍។
ប៉ុន្មានថ្ងៃកន្លងទៅអ្នកកាសែត និងអង្គការចំនួន៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគូលេនឃាត់ខ្លួនដោយចោទប្រកាន់ថា នាំគ្នាដាក់កុងត្រូលជជុះនិងជម្រិតទារប្រាប់ពីឈ្មួញ ប៉ុន្តែក្រុមអ្នកកាសែតរួមនិងអង្គការលើកឡើងថា ក្រុមឈ្មួញតែងតែប្រើល្បិចកល់ជាមួយសមត្ថកិច្ចដើម្បីបំបាត់អ្នកកាសែតប្រយោជន៍ពួកគេងាយស្រួលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីអាជ្ញាធរ និងសមត្ថកិច្ចស្រុកគូលេន ក៏ដូចជាខាងមន្ទីរបរិស្ថានខេត្តព្រះវិហារនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា