ខេត្តកណ្ដាល ៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ការណីលួចមានស្ថានទម្ងន់ទោស ។ករណីនេះបានកើតឡើង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១និង៤៥នាទី ត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកអង្គរបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាព ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី មានទីលំនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ចំណែក ជនសង្ស័យ ០៣ នាក់ ទី១-ឈ្មោះ ហេង វ៉ាអ៊ីហួយ ហៅហួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោង ឃាត់ខ្លួន)។ទី២-ឈ្មោះ លន់ ពីនីញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)និង៣-ឈ្មោះ ស៊ិន រាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។វត្ថុតាងចាប់យក
១-ម៉ូតូ០១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ ៥៤៤៥៩៩៦ និងលេខម៉ាស៊ីន ៥៤៤៥៩៩៦ ពាក់ផ្លាកលេខ ភ្នំពេញ1HM-7464 និងបំពង់ទែម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀន ០១ និងដែកកេះ ០១ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
២-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ ០១គ្រឿង (ជារបស់ជនរងគ្រោះ យកបានមកវិញ)។
៣-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Realme ពណ៌ស ០១គ្រឿង (ជារបស់ជនសង្ស័យ)។
៤-ទូរស័ព្ទដៃ ០១គ្រឿងម៉ាក Huawel ពណ៌ខ្មៅ ០១គ្រឿង (ជារបស់ជនសង្ស័យ)។ដោយឡែកសម្ភារបាត់បង់ ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខៀវ ០១គ្រឿង (យកបានមកវិញ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍នគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជ អាវុធហត្ថស្រុកអង្គស្នួល បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៤ មុខសាលា ស្រុកអង្គស្នួល ពេលនោះស្រាប់តែឃើញមនុស្សប្រុសចំនួនពីរនាក់គួរឱ្យសង្ស័យ ជិះម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួនិងលេខម៉ាស៊ីន ៥៤៤៥៩៩៦ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-7464 ។ ពេលនោះ សមត្ថកិច្ចហៅត្រួតពិនិត្យ អ្នកទាំងពីរបានលូកដៃចូលហោប៉ៅរួចទាញយកបំពង់ទែម៉ូម៉ែត្រសម្រាប់ជក់ ថ្នាំញៀនបោះចោលទៅលើដី ។ ឃើញដូចនោះទើបកម្លាំងសមត្ថកិច្ចបានសហការគ្នាដើម្បីឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ដើម្បីសួរនាំ ក្រោយមកជនសង្ស័យឈ្មោះ លន់ ពីនីញ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ ស៊ិន រាជ ទើបនាំគ្នាមកពីជក់ថ្នាំញៀន ហើយចំពោះទូរស័ព្ទដៃដែលខ្លួនកំពុងប្រើប្រាស់នោះ ខ្លួននិងឈ្មោះ ហេង វ៉ាអ៊ីហួយ បានធ្វើសកម្មភាពឆក់យកពីជនរងគ្រោះកាលពីវេលាម៉ោង១១:៤៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យភ្លាម កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បែកចាន បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វ៉ាអ៊ីហួយ ហើយបានសារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកដទៃ បានសម្រេចសរុបចំនួន ០៨លើក ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក បទជួញដូរសារធាតុញៀន ជាប់រយៈពេល០២ឆ្នាំ នៅពន្ធនាគារ ខេត្តកណ្ដាល និង បទជួដូរសារធាតុញៀន ជាប់រយៈពេល៣ឆ្នាំ នៅមណ្ឌលអប់រំព្រៃស រាជធានីភ្នំពេញ។
-ក្រោយមកកម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បាន ធ្វើការជូនដំណឹងទៅជនរងគ្រោះដើម្បីដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធីច្បាប់
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ