ភ្នំពេញ៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាបានកើនឡើងប្រមាណ៤០ភាគរយក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ កំណើននេះ ឆ្លុះបញ្ចាំងពីតម្រូវការផលិតផលផលិតនៅកម្ពុជា លើទីផ្សារអន្តរជាតិ បើទោះបីពិភពលោកនៅបន្តរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក្តី។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើររបស់កម្ពុជាបាននាំចេញមានកំណើន៤០ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បើធៀបនឹងឆមាសទី១ឆ្នាំមុន។
របាយការណ៍ខាងលើបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានតម្លៃសរុប៦.៦ ប៊ីលានដុល្លារអាមេរិកក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ គឺកើនឡើងពី ៤.៧២ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុកកំណើននៃការនាំចេញទំនិញជាទូទៅរបស់កម្ពុជានេះគឺដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការសកល។
លោកអ្នកនាំពាក្យបានលើកឡើងកាលពីពេលថ្មីៗនេះថា កំណើននៃការនាំចេញរបស់កម្ពុជានឹងបន្តកើនឡើងមួយឆ្នាំពេញ ដោយសារការថមថយនៃជំងឺរាតត្បាត ជាពិសេសការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រួមចំណែកធំជាងគេនៃការរកចំណូលសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល១,១០០ ដែលមានបុគ្គលិកប្រមាណ ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។
ធនាគារជាតិនៃកម្ពុជាទើបតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់៥.៣ភាគរយ ក្នុងឆ្នាំ២០២២នេះដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាពប្រក្រតីឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
ធនាគារជាតិនៃកម្ពុជាលើកឡើងថា កំណើនសេដ្ឋកិច្ចនេះបន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕
ដោយ៖ សូរិយា