រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានី ណៃពិដោ របស់មីយ៉ាន់ម៉ា នាថ្ងៃទី ៣ខែសីហាដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនេះ។
តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងជួបពិភាក្សាជាមួយសមភាគីមីយ៉ាន់ម៉ា លោក Vunna Maun Lwin។
រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោកSergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា ប្រទេស
រុស្ស៉ីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការធ្វើឱ្យមានស្ថិរភាពប្រទេសរបស់ខ្លួនឡើងវិញក្នុងពេលកំពុងជួបនឹងវិបត្តិ អំឡុងពេលដែលលោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនៃរបបយោធាមីយ៉ាន់ម៉ា។
អំឡុងកិច្ចពិភាក្សាក្នុងទីក្រុងណៃពិដោ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ថា «ពួកយើងសូមបង្ហាញនូវសាមគ្គីភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់របបយោធា ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពក្នុងប្រទេស»។
លោក ឡាវរ៉ូវ ក៏បានជូនពរដល់មីយ៉ាន់ម៉ាឱ្យទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ដែលសំដៅទៅដល់ផែនការរៀបចំការបោះឆ្នោត នាខែសីហា ឆ្នាំ២០២៣ ខណៈដែលក្រុមប្រឆាំងនឹងរដ្ឋប្រហារបាននិយាយថា ការបោះឆ្នោតនោះនឹងមិនសេរី ឬមានយុត្តិធម៌នោះឡើយ។
រុស្ស៉ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធនៃរបបយោធាមីយ៉ាន់ម៉ា។ ប្រភពពីក្រុមអ្នកតាមដានស្ថានការណ៍ក្នុងស្រុកបានឱ្យដឹងថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីការដណ្តើមអំណាចដោយយោធា កាលពីឆ្នាំ២០២១ ហើយមនុស្សជាង ២,១០០នាក់ត្រូវបានសម្លាប់ក្នុងការបង្រ្កាបអ្នកប្រឆាំង៕ ដោយ ធីរីណា
រូបថត : Izvestia/ Reuters