ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអនុប្រធានក្រុមការងារទទួលខុសត្រូវ ព្រមទាំងសហការរី បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកទាល់ ដល់ព្រែកតាសោមក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ និងក្រុមការងារបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដោយផ្ទាល់នៅនឹងកន្លែងលទ្ធផលទទួលបានមានដូចខាងក្រោម ÷ បង្កសំណុំរឿងបានចំនួន០១ករណី ចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន៤របាំងប្រវែង១២០០ ម៉ែត្រ។ ឡុកចំនួន០៨ គ្រឿងលបលូចំនួន១២មាត់ បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ ។
លោកវរសេនីយ៍ឯកក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់ មេត្តាជួយការពារ ទប់ស្កាត់បទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឱ្យធនធានធម្មជាតិ នៅបឹងទន្លេសាបកើតឡើងវិញ។ រាល់សកម្មភាពរបស់ប្រជានេសាទនៅតែប្រព្រឹត្តនេសាទខុសច្បាប់ សម្រាប់ក្រុមការងារនៅតែបន្តចុះបង្ក្រាបជាបន្ទាន់ ដើម្បីចូលរួមការពារ និងថែរក្សាពូជត្រីឲ្យបានគង់វង្ស៕
ដោយ៖ សហការី