រយៈពេល៦ខែនេះកម្ពុជានាំចេញទំនិញក្នុងទំហំទឹក​ប្រាក់​ជាង ១១ពាន់លានដុល្លារហើយផលិតផលកាត់​ដេរកើន ៣៩ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីស្ថិត ក្នុងវិបត្តិជំងឺកូវីដ19 ក៏ដោយក៏ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះផលិតផលកាត់ដេរនិងផលិតផលមិនមែនកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអោយសេដ្ឋកិច្ចប្រទេសមានភាពប្រសើរឡើង។

ជាក់ស្ដែងក្នុងរយៈពេល៦ខែនៃឆ្នាំ 2022 នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់ពេលដែលការនាំចេញផលិតផលកសិកម្ម​មានកំណើនទាប។ ប្រសិនបើមិនមានឧបសគ្គផ្សេងៗដូចជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែនទេនោះ គេរំពឹងថាចរន្តនៃការនាំចេញផលិតផលកាត់ដេរនិងផលិតផលមិនមែនកាត់ដេរមានការកើនឡើងជាងការរំពឹងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ការនាំចេញទំនិញក្នុងទំហំទឹក​ប្រាក់​ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​ដោយក្នុងនោះ ការនាំចេញផលិតកាត់​ដេរកើន ៣៩ភាគរយ និងផលិតផលមិនមែនកាត់ដេរកើន​ ៤០ភាគរយ ។ ឧបសគ្គនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែននាំឲ្យតម្លៃនៃការដឹកជញ្ជូនមានការកើនឡើង។

របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ដូច្នេះមានន័យថា ការនាំចេញផលិតផលកាត់ដេរនិងផលិតផលមិនមែនកាត់ដេរនៅតែនាំមុខគេ។

ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សំលៀកបំពាក់​ជាដើម ​មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ ​កើនឡើង ៣៩ភាគរយ ។

ចំណែកការនាំចេញផលិតផលមិន​មែនកាត់ដេរដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផល​ពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មាន​ទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ ។

ចំណែកឯការនាំចេញផលិតផលកសិផល​មាន​តម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែល​កើនឡើង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។

សូមបញ្ជាក់ កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាមេរិក ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជា ​គឺមានតម្លៃ ​១១,៣៧ពាន់លានដុល្លារ ខណៈការ​នាំ​ចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print