អាជ្ញាធរខណ្ឌចំការមនចុះពិនិត្យមើលផ្ទះប្រជាពលរដ្ឋក្រោយបានទទួលបណ្តឹងថាបានប្រេះស្រាំដោយសារសំណង់អគារខ្ពស់ដែលសាងសង់ក្បែរលំនៅឋានពួកគាត់

ចែករំលែក៖

ភ្នំពេញ : អាជ្ញាធរខណ្ឌចំការមនដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានសហការជាមួយមន្ត្រីភូមិបាលខណ្ឌ ចៅសង្កាត់និងមេភូមិចុះពិនិត្យទិដ្ឋភាពជាក់ស្តែងដល់ផ្ទះប្រជាពលរដ្ឋក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១២គ្រួសារដែលប្តឹងពាក់ព័ន្ធនឹងការប្រេះស្រាំផ្ទះដោយសារមូលហេតុនៃការសាងសង់អគារខ្ពស់របស់ក្រុមហ៊ុន សៀងហៃបាវយី(ខេមបូឌា) ។

     លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ការចុះពិនិត្យតាមជាក់ស្តែងនៅថ្ងៃទី០៥ សីហានេះក្នុងភូមិ១០និងភូមិ១២នៃសង្កាត់ទន្លេបាសាក់បានរកឃើញថា ផ្ទះប្រជាពលរដ្ឋខ្លះមានការប្រេះស្រាំបន្តិចបន្តួចមែន ហើយខ្លះទៀតមិនទាន់រកចំណុចខូចខាតពិតប្រាកដនៅឡើយទេ តែទន្ទឹមនឹងនេះក្នុងនាមរដ្ឋបាលខណ្ឌចំការមនមិនបានព្រងើយកន្តើយឡើយចំពោះមុខពលរដ្ឋដែលមានកង្វល់។ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្ថែមឱ្យដឹងទៀតថា លោកនឹងទាក់ទងទៅម្ចាស់គម្រោងម្ខាងទៀតដើម្បីធ្វើការចុះពិនិត្យជាក់ស្តែងនិងរកលទ្ធភាពដើម្បីធ្វើការជួសជុលឡើងវិញជូនបងប្អូនប្រជាពលរដ្ឋតាមអ្វីដែលគាត់សំណូមពរ។ 

     លោកអភិបាលរងខណ្ឌចំការមនក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដទៃទៀតដែលទទួលបានសំណងពីក្រុមហ៊ុនហើយចង់ប្តឹងចង់បានថវិកាដូចគេដែរនោះវាជាទង្វើមិនល្អនោះទេ លោកមិនគាំទ្រដាច់ខាតចំពោះទង្វើបែបនេះ ដែលនាំឱ្យប៉ះពាល់ដល់វិនិយោគិន នៅក្នុងប្រទេសកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះផលប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ក្នុងនាមយើងជាអាជ្ញាធរត្រូវគិតគូរបន្ថែមទៀតផងដែរ បើក្នុងករណីផលប៉ះពាល់ដោយសារការសាងសង់អគារខ្ពស់នេះគឺសូមធ្វើតាមតម្លាភាពនិងបញ្ហាចំពោះមុខជាក់ស្តែង។

     គួរបញ្ជាក់ថា ភ្លាមៗក្រោយការចុះពិនិត្យផ្ទះប្រជាពលរដ្ឋរួចរាល់ លោកអភិបាលរងខណ្ឌចំការមនក៏បានបន្តដំណើរទៅជួបភាគីម្ចាស់ក្រុមហ៊ុនដើម្បីធ្វើការដោះស្រាយនិងបានកំណត់ ឱ្យខាងភាគីក្រុមហ៊ុនចូលជួបប្រជុំពិភាក្សានៅរដ្ឋបាលខណ្ឌនាព្រឹកអង្គារសប្តាហ៍ក្រោយនេះ៕ ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print