Apple បានលុបចោលកម្មវិធីក្លែងក្លាយដែលអាច លួចយកគណនីផ្សព្វផ្សាយពាណិជ្ជកម្មហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ : កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានលុបចោល កម្មវិធីក្លែងក្លាយដែលជនខិលខូចប្រើសម្រាប់លួចយកគណនី ជនរងគ្រោះប្រើដើម្បីតាមដានការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក។ បន្ទាប់ពីជនខិលខូចបានចូលទៅក្នុងគណនីទាំងនោះ ពួកគេបានប្រើទឹកប្រាក់ដែលមាននៅក្នុងគណនីជនរងគ្រោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី 6 ខែសីហាឆ្នាំ 2022។

កម្មវិធីក្លែងក្លាយនេះត្រូវបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង App Store នៅពេលអ្នកប្រើប្រាស់ធ្វើការស្វែងរក “កម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ហ្វេសប៊ុក” ដែលជាកម្មវិធីប្រើដោយអ្នកផ្សាយពាណិជ្ជកម្មដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដែលពួកគេកំពុងដំណើរការនៅក្នុងវេទិការបស់ហ្វេសប៊ុក។ បុគ្គលិករបស់ក្រុមហ៊ុនម្នាក់បានបញ្ជាក់ថា គាត់ត្រូវបានរាំងខ្ទប់មិនអាចចូលទៅក្នុងគណនីរបស់គាត់បានក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះបន្ទាប់ពីគាត់បានទាញយក និងចូលទៅក្នុងកម្មវិធីក្លែងក្លាយនេះ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Apple បានបញ្ជាក់ថា ដើមឡើយកម្មវិធីនេះត្រូវបានបញ្ជូនទៅកាន់ App Store ថាជាកម្មវិធីសម្រាប់គ្រប់គ្រងឯកសារសាមញ្ញ ដោយគ្មានទំនាក់ទំនង ឬមុខងារសម្រាប់គ្រប់គ្រងកម្មវិធីវេទិការបស់ក្រុមហ៊ុនហ្វេសប៊ុក។ បន្ទាប់ពីកម្មវិធីត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុងកម្មវិធី App Store ទើបពួកគេបានប្រែក្លាយកម្មវិធីនេះទៅជាកម្មវិធីសម្រាប់លួចចូលទៅក្នុងគណនីទៅវិញ។

ដោយមើលឃើញពីហានិភ័យទាក់ទងទៅនឹង ការទាញយកកម្មវិធី ទើបនាយកដ្ឋានតែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ឱ្យទាញយកតែកម្មវិធីណាដែលត្រូវការប្រើប្រាស់ចាំបាច់ ដើម្បីជួយកាត់បន្ថយការទាញយកកម្មវិធីក្លែងក្លាយ។ ជាងនេះទៅទៀត លោកអ្នកគួរតែចៀសវាងបញ្ចូលកម្មវិធី ដែលលោកអ្នកទទួលបានតាមរយៈសារ ឬអុីមែល ឬកម្មវិធីដែលលោកអ្នកបានឃើញនៅក្នុងគេហទំព័រដែលមិនមានប្រភពច្បាស់លាស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print