កម្លាំងពន្លត់អគ្គិភ័យមកពីកងពលពិសេសនៃកម្លាំងបដិវត្តន៍គុយបា និងក្រុមពន្លត់អគ្គិភ័យផ្សេងទៀត។ ជាមួយគ្នានេះប្រទេសម៉ិចស៊ីកូ និងវេណេហ្ស៊ុយអេឡា បានចូលរួមពន្លត់ភ្លើងដែលកំពុងឆាបឆេះអាងស្តុកប្រេងនៅក្នុងតំបន់ Matanzas ប្រទេសគុយបា។
មកទល់បច្ចុប្បន្ន មានអាងស្តុកប្រេងចំនួន២ក្នុងចំណោម៨ត្រូវភ្លើងឆាបឆេះ ហើយពេលនេះកំពុងតែគំរាមកំហែងដល់អាងស្តុកប្រេងទីបីផងដែរ។ ប៉ុន្តែមានខ្យល់ពីតំបន់ឈូងសមុទ្រ Matanzas បានជួយមួយផ្នែកណាមួយកាត់បន្ថយកម្តៅដល់បណ្តាអាងស្តុកប្រេងផ្សេងទៀត។ ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រងអគ្គិភ័យមិនទាន់បានប្រសើរជាងមុនឡើយ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលគុយបា សាកសពជនរងគ្រោះម្នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ គឺស្ថិតនៅក្នុងក្រុមពន្លត់អគ្គិភ័យ១៧នាក់ដែលបានបាត់ខ្លួនកន្លងមកពីការបំពេញការងារ។ ដូច្នេះគិតត្រឹមល្ងាចថ្ងៃទី៧ខែសីហាមានមនុស្សម្នាក់ស្លាប់ និងក្រុមពន្លត់អគ្គិភ័យ១៦នាក់បាត់ខ្លួន។ ជាមួយគ្នានេះដែរក៏មានមនុស្ស ១២២នាក់រងរបួស ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែលោក Livan Arronte ផងដែរ។ ពលរដ្ឋប្រមាណ៥ពាន់នាក់រស់នៅជុំវិញកន្លែងកើតហេតុត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ប្រមុខដឹកនាំគុយបា លោក Miguel Diaz-Canel បានឱ្យដឹងថា «យើងកំពុងប្រឈមមុខនឹងគ្រោះអគ្គិភ័យទ្រង់ទ្រាយធំពិបាកក្នុងការទប់ស្កាត់នៅគុយបា។ ជាមួយគ្នានេះដែរគុយបាមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីគ្រប់គ្រងស្ថានភាពឡើយ»៕ ដោយ ធីរីណា
រូបថត :Vietnam+/anews