ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនិងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ខណ្ឌមានជ័យ។
លោកស៊ុយ សេរិទ្ធ តំណាងឲ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកអោយបងប្អូនធ្វើដំណើរ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។
លោកស៊ុយ សេរិទ្ធ. ក៏បានបញ្ជាក់ផងដែរ អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ។តែ បើពួកគាត់ស្នើសុំបើកអាជីវកម្មឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព អោយបានគ្រប់ជ្រុង ជ្រោយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតឱ្យដឹកដីខ្សាច់តាមរថយន្តលើផ្លូវដូចពេលនេះទៀតទេ ។ ពួកគាត់អាចចោះទម្លុះផ្លូវដាក់ ទុយយោទៅតំបន់អភិវឌ្ឍន៍តែម្តង ពោលគឺមិនទុកអោយដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។
លោកបានបញ្ជាក់ថា៖ ទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបាន អាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំអោយពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។
គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែចំនួន៤ទីតាំងប៉ុណ្ណោះ៕
ដោយ៖ សំរិត