មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ចែករំលែក៖

ទីក្រុងហាណូយ ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ផេកផ្លូវការ របស់កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានបង្ហោះអោយដឹងថា, នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក ង្វៀន តឹនគឿង អំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយ លោក អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងបានស្នើសុំ លោកប្រធាន អគ្គសេនាធិការ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងនូវវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក និងបានបង្ហាញនូវការគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ លោក ក៏បានអបអរសាទរផងដែរអំពីការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះ លោក ង្វៀន តឹនគឿង ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print