អាងស្តុកប្រេងទីបីរបស់គុយបាបានចាប់ផ្តើមឆាបឆេះ ហើយអាងស្ទុកប្រេងដែលឆេះនៅពេលមុនបានបាក់ស្រុត ។ ផ្សែងខ្មៅបានគ្របដណ្តប់លើដែនអាកាសក្នុងតំបន់ជាច្រើនដោយអាចមើលឃើញពីចម្ងាយ។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលខេត្ត Matanzas លោក Mario Sabines ដែលបានលើកឡើងថា
«អណ្តាតភ្លើងចេញពីអាងស្តុកប្រេងទីពីរបានឆ្លងរាលដាលដល់អាងស្តុកទីបី »។ អាងស្តុកប្រេងទីបីបានឆេះនៅយប់ថ្ងៃទី៨ ខែសីហា ក្រោយពេលអាងស្តុកប្រេងទីមួយនិងទីពីរបានបាក់ស្រុតនិងផ្ទុះឆេះទើបបណ្តាលឱ្យឆ្លងរាលដាលដល់អាងទីបី។
គុយបាសង្ឃឹមថានឹងអាចពន្លត់ភ្លើងនៅចុងសប្តាហ៍កន្លងមក ក្រោយទទួលបានជំនួយពីប្រទេសម៉ិចស៊ីកូ និងវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានេះដែរ កំពង់ផែ Matanzas ដែលជាកំពង់ផែធំបំផុតនៅក្នុងប្រទេសនេះសម្រាប់ដឹកជញ្ជូនថាមពលប្រេងនាំចេញនាំចូលក្នុងប្រទេសនេះ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ។
កាលពីល្ងាចថ្ងៃទី៨ខែសីហា មន្ត្រីគុយបាបានប្រកាសថា រោងចក្រអគ្គិសនីដ៏សំខាន់នៅក្នុងប្រទេសនេះមានចម្ងាយពីទីតាំងឆាបឆេះប្រមាណ១គីឡូម៉ែត្រត្រូវបានបិទទ្វារ ដោយសារតែសម្ពាធទឹកទាបនៅក្នុងតំបន់៕ ដោយ ធីរីណា
រូបថត :REUTERS