រុស្ស៊ីបានស្នើដល់អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់នៅថ្ងៃទី១១ខែសីហាពាក់ព័ន្ធនឹងករណីវាយប្រហារទៅលើទីតាំងរោងចក្រអគ្គិសនីបរមាណូ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ។
សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសរុស្ស៉ីបានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១១ ខែសីហា ជុំវិញការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
រុស្ស៉ីបានអះអាងថា ទីក្រុងកៀវបានធ្វើការវាយប្រហារដោយប្រើគ្រាប់រ៉ុក្កែត ម្តងហើយម្តងទៀតសំដៅលើទីតាំងរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា ដែលជារោចក្រថាមពលដ៏ធំបំផុតក្នុងតំបន់អឺរ៉ុប កាលពីថ្ងៃទី៧ ខែសីហា ហើយនៅមុននោះគឺនៅថ្ងទី៥ និងទី៦ ខែសីហា កងកម្លាំងអ៊ុយក្រែនក៏បានទម្លាក់គ្រាប់បែកក្បែរទីតាំងនេះផងដែរ។ បេសក
ជនរុស្ស៉ីប្រចាំ UN បានប្រាប់សារព័ត៌មាន TASS ឱ្យដឹងថា
«រុស្ស៉ីបានស្នើសុំឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទាក់ទងនឹងការវាយប្រហារថ្មីចុងក្រោយរបស់អ៊ុយក្រែនលើរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា និងផលវិបាកនៃមហន្តរាយដែលអាច កើតចេញពីសកម្មភាពនេះ»។
ជាមួយគ្នានេះ រុស្ស៊ីក៏បានស្នើសុំឱ្យមានការចូលរួមពីប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូស៉ី (Rafael Grossi)ផងដែរ។
កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ រោងចក្រថាមពលហ្សាប៉ូរីសហ្ស៉ីយ៉ារបស់អ៊ុយក្រែន ត្រូវបានកងទ័ពរុស្ស៊ីដណ្តើមគ្រប់គ្រងបាន ហើយសហរដ្ឋអាមេរិកបានចោទប្រកាន់ថារុស្ស៉ីកំពុងប្រើប្រាស់រោងចក្រនេះជាខែលនុយក្លេអ៊ែរ ដើម្បីវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។ បច្ចុប្បន្ន រោងចក្រមួយនេះ ដំណើរការក្នុងសមត្ថភាពផលិតថាមពល ៧០%៕ដោយធីរីណា
រូបថត :Reuters