ឃាត់ខ្លួននគរបាលពាក់សក្តិ៤កន្លះក្លែងកា្លយម្នាក់ ដែលបន្លំខ្លួនជាមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បានថ្លែង​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះថា៖​ ​កម្លាំងជំនាញ​ សហការជាមួយ​កម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យម្នាក់ដែលក្លែងបន្លំ ជាមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួចបញ្ជូនបន្តមកសាកសួរមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបន្តថា ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ អៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (សក្តិ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល។​

លោកនាយករងរូបនេះ​ បានបន្ដទៀតថា​ យោងតាមចម្លើយសារភាពរបស់​ជនសង្ស័យ​ បានបញ្ជាក់ថា​ រូបគេស្គាល់មន្ត្រីនគរបាលម្នាក់ (នគរបាលក្លែងក្លាយ) ឈ្មោះ អ៊ូច ចំរើន អះអាងជានគរបាលផ្កាយ១ នៅនាយកដ្ឋានបុគ្គលិក ជាអ្នករត់ការជួយឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ដែលដំបូងឡើយចូលធ្វើទាហាន ក្រោយមកប្តូរមកនគរបាលវិញ ចុងក្រោយផ្ទេរមកជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកស៊ើបអង្កេត ប៉ុន្តែរូបគេមិនដែលបានធ្វើសកម្មភាពអ្វីនោះទេ។ ជនសង្ស័យបានសារភាពទៀតថា កន្លងមករូបគេធ្លាប់បានចូលរួមជាកម្លាំងសម្ងាត់ ចុះចាប់មុខសញ្ញាលក់គ្រឿងញៀន នៅស្រុកពញាឮ និងស្រុកឧដុង្គ សរុបចំនួន៣ករណីផងដែរ។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានសង្កត់ធ្ងន់ថា​ ចំពោះករណីឈ្មោះ ផាន់ សុវណ្ណ នេះ ជាករណីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ចំណែកឈ្មោះ អ៊ូច ចំរើន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ គឺជាមេក្លោង និងអ្នករៀបចំឲ្យ ឈ្មោះ ផាន់ សុវណ្ណ ប្រព្រឹត្តិសកម្មភាព ក្លែងជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ការិយាល័យក១) ដែលពុំទាន់បានឃាត់ខ្លួននៅឡើយទេ។

ក្រោយឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ផាន់ សុវណ្ណ ត្រូវ​បាន​កម្លាំងជំនាញកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print