ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍
របស់មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកសាលាក្រៅបានទទួលសេចក្តីរាយការណ៍ថា មានករណីចោរលួច(សត្វគោ) ចំនួន០១លើកនៅចំណុចស្រែប្រាំងស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ចាស់គោ ឈ្មោះ យ៉ង់ ណាន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់គោចំនួន០១ក្បាល សម្បុរពណ៌ស ជាមេគោដែលកំពុងផើម០៣ខែហើយ។
បើតាមការរៀបរាប់របស់ម្ចាស់គោប្រាប់មន្ត្រីនគរបាលស្រុកសាលាក្រៅថា នៅមុនពេលកើតហេតុគាត់បានចងគោចំនួន ០៤ក្បាលនៅក្នុងក្រោលដូចសព្វមួយដង លុះព្រឹកឡើងទើបដឹងថាបានបាត់គោ ចំនួន០១ក្បាល។
តាមមន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅដែលសាកសួរពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថា នៅវេលាម៉ោង០៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ គាត់បានឮសំឡេងក្តុងក្តាំងនៅលើផ្លូវស្មានតែគេទម្លាក់អីវ៉ាន់នៅសៃឡូ មិនដឹងថាចោរលួចគោនោះទេ។
តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបាន
បញ្ជាក់ថា៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចគោដោយស្រាយចំណងពីក្នុងក្រោលក្រោយផ្ទះហើយបណ្តើរកាត់ចម្ការស្វាយនិងចម្ការពោត ចម្ការដំឡូងវាងចម្ងាយប្រហែល២៥០ម៉ែត្រសំដៅឡើងផ្លូវជាតិដោយសុវត្ថិភាព។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរកជនសង្ស័យដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ស សារ៉េត