ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគីរីវង់ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ខណៈពួកគេកំពុងនាំគ្នាជិះម៉ូតូទៅរកកន្លែងជក់ថ្នាំញៀន ប៉ុន្តែមិនទាន់ដល់គោលដៅត្រូវជួបសមត្ថកិច្ចស្រុកគិរីវង់ក្របួចជាប់តែម្តង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះដោយមានសម្របសម្រួលនិតិវិធីច្បាប់ ពីលោក ឯក ឆែងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ខណៈដែលកម្លាំងជំនាញគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ចេញល្បាតតាមភូមិសាស្រ្តសំខាន់ៗលុះដល់ចំណុចផ្លួវឡើងដុបមហាសី(កន្លែងដុតធូបយាយម៉ៅ )ស្ថិតក្នុងភូមិឈើ ទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ក៏ឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែសីហានេះ ។
ជនសង្ស័យចំនួន០២ នាក់រួមមាន៖ ទី១,ឈ្មោះ ឈិន សុវណ្ណ (ហៅម៉ុល) ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ និងទី២,ឈ្មោះ ង៉ែត ថាច ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពុម្ហអិដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។
ជាក់ស្ដែងជាលទ្ធផលក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លាពណ៍សចំនួន០២កញ្ចប់ ,ម៉ូតូ០១គ្រឿងម៉ាកហុដា(ចាស់), ទូរស័ព្ទ០១គ្រឿងម៉ាកOPPO (ចាស់) និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕
ដោយ៖សហការី