ក្រុមអ្នកឯកទេសបានបញ្ជាក់ថា អ៊ុយក្រែនជិតអស់គ្រាប់សម្រាប់ប្រព័ន្ធ M-270 និង HIMARS នៅខែកញ្ញាខាងមុខនេះហើយ ។ ទន្ទឹមនឹងនោះ កញ្ចប់ជំនួយយោធាពីអាមេរិកនិងអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណាក់កាលនេះសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ។
កន្លងមក ក្រសួងការពារជាតិ រុស្ស៊ីបានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារនៅតំបន់ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន បំផ្លាញកាំជ្រួចមីស៊ីល៣០០ដើម ស្ថិតនៅក្នុងឃ្លាំងស្តុកគ្រាប់កាំភ្លើងធំ M777 ទំហំ១៥៥មិលី្លម៉ែត្រ និងកាំជ្រួចមីស៊ីលសម្រាប់ប្រព័ន្ធ HIMARS ដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ទាហានរបស់លោកកំពុងកំណត់គោលដៅវាយប្រហារលើទាហានរុស្ស៉ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងពីការលេចធ្លាយសារធាតុវិទ្យុសកម្ម ឬមហន្តរាយនុយក្លេអ៊ែរ។
នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៉ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ជុំវិញការបាញ់ផ្លោងគ្រាប់រ៉ុក្កែតនៅក្បែរទីតាំងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប។ រុស្ស៉ីបានដណ្ដើមកាន់កាប់រោងចក្រនុយក្លេអ៊ែរនេះ នៅពេលសង្រ្គាមផ្ទុះឡើងដំបូង។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «រាល់ទាហានរុស្ស៉ីទាំងអស់ដែលបាននិងកំពុងប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរធ្វើជាខែលដើម្បីបាញ់ផ្លោងគួរតែដឹងថា ពួកគេអាចនឹងក្លាយជាគោលដៅពិសេស សម្រាប់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ និងទាហានរបស់យើង»។
ក៏ប៉ុន្តែលោកហ្សេលេនស្គី មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែចោទប្រកាន់ជាថ្មីថា
រុស្ស៉ីកំពងប្រើប្រាស់រោងចក្រនុយក្លេអ៊ែរជាការសម្លុតគំរាមកំហែង
៕ ដោយ ធីរីណា
រូបថត :BBC