កម្លាំងប៉ូលិសក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ខែសីហា មានបុរសម្នាក់បើករថយន្ត បំបុករបាំងវិមានកាពីតូល ក្រោយមកក៏បាញ់ជាច្រើនគ្រាប់ទៅលើអាកាស រួចហើយធ្វើអត្តឃាតតែម្តង។
តាមការប្រកាសពីកម្លាំងប៉ូលិស បានឱ្យដឹងទៀតថា ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ នៅរបងវិមានកាពីតូល។ ចាប់តាំងពីការឆែកឆេរផ្ទះ អតីតប្រធានាធិបតីដូណាល់ ត្រាំមក កម្លាំងសន្តិសុខអាមេរិកបានព្រមានថា អាចនឹងមានអំពើហិង្សាទៅលើទីតាំងរដ្ឋាភិបាល។
កម្លាំងប៉ូលិសបានបិទទីតាំងខាងលើ ដើម្បីបើកការស្រាវជ្រាវ បញ្ជាក់ពីមូលហេតុនៃការវាយប្រហារ ។
កន្លងមកថ្មីៗមានមនុស្សមួយក្រុម ប្រដាប់ដោយកាំភ្លើងបាននាំគ្នាមកធ្វើកូដកម្មនៅមុខទីស្នាក់ការ FBI ក្រោយពេលក្រុមFBI ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី ត្រាំ ។ សកម្មភាពខាងលើបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ ។ ក្នុងពេលនេះដែរកម្លាំងសន្តិសុខអាមេរិកបង្កើនការ ការពារទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល ដោយខ្លាចក្រុមអ្នកគាំទ្រលោកត្រាំ វាយប្រហារទីតាំង ឬ មន្ត្រីរដ្ឋាភិបាល៕ ដោយ ធីរីណា
រូបថត :abc7chicago