ភ្នំពេញ : ដូចជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ធ្លាប់បានដឹង ធ្លាប់បានឮ ថា, លោកវជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ យកឡានគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នកជំងឺ រួចព្យាបាលកាប់ឆៅៗ ឈានដល់មានការផ្ទុះឡើងពេញសង្គមហ្វេសប៊ុក។ ឥឡូវនេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតព្រមានហើយ ។ ដោយបញ្ជាក់ថា,
រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ជម្រាបមក លោកវជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ
កម្មវត្ថុ យោង៖ស្តីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ីម វន់ ម្ចាស់មន្ទីពហុព្យាបាលម្លិះដង្កោ។
– របាយការណ៏ប្រជុំ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសុខាភិបាល។
– -សេចក្តីសម្រេចលេខ ២០៨/២១ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបើកមន្ទីរពហុព្យាបាល ម្លិះដង្កោ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើនេះ ក្រសួងសុខាភិបាលសូមជម្រាបជូនលោកវេជ្ជបណ្ឌិត ស៊ឹមវន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៣ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា រយៈកាលកន្លមកក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាល ម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមក ព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើ សេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនចេញទៅ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះ
ក្រសួងសុខាភិបាលសូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោមនេះ ៖ 1 ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដង ផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថ្ងៃណែនាំនេះតទៅ។
2.ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០ ០០០ ០០០ (ដប់លានរៀល) ចំពោះកំហុសឆ្គងដែលមាន។
3. ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល។
4. ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល។
5. ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ នោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។
ទទួលបាននូវការព្រមាន និងការណែនាំខាងលើនេះ សូមលោកវេជ្ជបណ្ឌិត ស៊ឹម វន់ អនុវត្តឱ្យបានល្អប្រសើរដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ : សុខ ខេមរា