ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០២២នេះ សូមធ្វើការបំភ្លឺជូនសារធារណៈជនឱ្យបានជ្រាបថា៖ អង្គភាព TVFB កាលពីវេលាម៉ោង ១៨ និង៥០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានឡាយស្រ្តីម្នាក់ទ្រហ៊ោយំ នៅលើផ្លូវជាតិលេខ៥ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដែលស្រ្តីរូបនោះបានប្រាប់ទៅ TVFB ដូចខាងក្រោមថា៖
– ប៉ូលីសមកពីអគ្គស្នងកាដ្ឋាននគរបាលជាតិចុះមកចាប់កូនគាត់ និងយកទៅវាយនៅក្រោមស្ពានជ្រោយចង្វារទៀត ដែលកូនគ្មានកំហុសសោះនិងមិនបានប្រើប្រាស់ រឺលក់គ្រឿងញៀនទេ ហើយស្នើសុំអោយអគ្គស្នងការដោះលែងកូនគាត់វិញ(កូនគាត់ឈប់រៀន ក៏ចូលធ្វើការរោងចក្រជាមួយគាត់ មិនបានប្រើប្រាស់គ្រឿងញៀនអីទេ)។
-គាត់បានលើកមន្ថែមទៀតថា អោយតែក្មេងឡើងពីភូមិគាត់ទៅប៉ូលីសមកពីអគ្គស្នងការតែងតែចាប់ហើយវាយយកលុយទៀតឲ្យតែមានម៉ូតូល្អ ដោយចោទប្រកាន់ថាភូមិរបស់គាត់ជាប្លុកគ្រឿងញៀន។
*ហើយក៏មានអ្នកភូមិពីរបីនាក់ បានលើកឡើងថាប៉ូលីសមកពីអគ្គស្នងការតែងតែមកចាប់អ្នកភូមិរបស់គាត់ដែលគ្មានកំហុស ហើយពួកគាត់បានបញ្ជាក់ទៀតថាបើចាប់ក៏ចាប់ចុះឲ្យតែអ្នកហ្នឹងលក់គ្រឿងញៀនពិតប្រាកដ កុំចាប់អ្នកដែលមិនដឹងអី។
ដូច្នេះមន្ទីរប្រឆាំងគ្រឿងញៀន សូមស្រាយបំភ្លឺជូនថា ក្រោយពីសមត្ថកិច្ចជំនាញបានទទួលបានព័ត៌មានសម្ងាត់ថា មានមុខសញ្ញាមួយក្រុមនឹងធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយមានទ្រង់ទ្រាយធំ (ចាប់ពី១គីឡូក្រាមឡើង) នៅចំណុច ក្នុងភូមិសាស្រ្ត ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតជាងមួយខែ លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចុះបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន(តាមវិធានញុះញុង) ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចខាងលើ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា និងលោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លុះនៅវេលាម៉ោង ១៨និង០០នាទី កម្លាំងសម្ងាត់បានរាយការណ៍ថា មានមុខសញ្ញាម្នាក់ជិះម៉ូតូម៉ាក(ហុងដា១២៥សេសេ)ពណ៌ខ្មៅ មិនចាំស្លាកលេខ ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន ចេញពីចំណុចផ្លូវលំក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ១។
នៅពេលនោះកម្លាំងជំនាញ បានឃើញម៉ូតូចំនួន ០២គ្រឿង ដែលមានភិនភាគដូចខាងលើបានជិះចេញមកដំណាលគ្នា កម្លាំងយើងក៏បានតាមម៉ូតូទាំង០២គ្រឿងនោះតាមផ្លូវលេខ២៧៣ ឆ្ពោះទៅអង់តែនទួលគោក កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ម៉ូតូ០១គ្រឿង ដើម្បីត្រួតពិនិត្យរកវត្ថុតាងគ្រឿងញៀន តែរកមិនឃើញវត្ថុតាងគ្រឿងញៀននោះទេ ចំណែកមុខសញ្ញាជិះម៉ូតូ០១គ្រឿងទៀត បានឃើញសមត្ថកិច្ច ក៏ជិះម៉ូតូរត់គេចខ្លួនផងដែរ។ សមត្ថកិច្ចបានដេញតាមពីក្រោយដែរតែដេញតាមមិនទាន់ ណាមួយភូមិសាស្ត្រទីនោះស្មុគ្រស្មាញ ទើបធ្វើអោយមុខសញ្ញារត់គេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ច បានអញ្ជើញ ឈ្មោះ ដុស ពេជ្រចំណាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មកកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសួរនាំបន្ត ។
សូមបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ ឈ្មោះ ដុស ពេជ្រចំណាន នៅកន្លែងកើតហេតុ និងនៅពេលអញ្ជើញទៅអង្គភាព សមត្ថកិច្ចបានអនុវត្តយ៉ាង ត្រឹមត្រូវតាមនីតិវិធី ហើយមិនបានវាយដំ ឬធ្វើទារុញកម្ម ដូចការចោទប្រកាន់ឡើយ ។ ដោយសាររកវត្ថុតាងគ្រឿងញៀនមិនឃើញ និងមានការឯកភាពពីលោក ស៊ិត វណ្ណៈ ព្រះអាជ្ញអាជ្ញារង ទើបមន្ទីរប្រឆាំងគ្រឿងញៀន សម្រេចឱ្យអាណាព្យាបាលមកធានាទៅលំដ្ឋានវិញ ។
រីឯកម្លាំងជំនាញយើងមួយក្រុមកំពុងឃ្លាំមើលមុខសញ្ញានៅចំណុចភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង១៥នាទី ស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់ បានមកឡោមព័ទ្ធកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចទីនោះ ដោយធ្វើសកម្មភាពចោមរោម និងព្រួតគ្នាវាយមកលើកងកម្លាំងសមត្ថកិច្ច ចំនួន ០៣រូប មិនដឹងមូលហេតុ ក្នុងនោះមាន លោកវរសេនីយ៍ត្រី ចេក វីរៈ ឋានៈនាយផ្នែក បានត្រូវរងរបួសជាទម្ងន់(កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ) ចំណែក លោកអនុសេនីយ៍ឯក សួន តុសិតពិទូរ្យ ឋានៈនាយរងផ្នែក និងលោក អនុសេនីយ៍ទោ សុខ គីមហេង ឋានៈមន្រ្តី (រងរបួសស្រាល) ។
ឆ្លងតាមការស៊ើបអង្កេត និងសកម្មភាពរបស់មនុស្សមួយក្រុមខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន សន្និដ្ឋានថា៖
១.មនុស្សមួយក្រុមខាងលើ អាចចាញ់បោកការញុះញង់របស់មេខ្លោងជួញដូរគ្រឿងញៀន ឬជាបក្សពួករបស់មេខ្លោងជួញដូរគ្រឿងញៀន ដែលឱ្យមករារាំងការចុះអនុវត្តច្បាប់ របស់មន្ត្រីអនុវត្តច្បាប់។
២.ក្រុមនេះបានរៀបចំផែនការគិតទុកជាមុន ប្រើរូបភាពមហាជនប្រឆាំងតវ៉ា តែគោលបំណងចង់ធ្វើឃាតមន្ត្រីអនុវត្តច្បាប់ ពេលនោះប្រសិនបើកម្លាំងអន្តរាគមន៍មកជួយមិនទាន់មន្ត្រីអនុវត្តច្បាប់ខាងលើ ប្រហែលជាបាត់បង់អាយុជីវិត។
មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអរគុណចំពោះមហាជន ដែលកន្លងមកតែងតែផ្ដល់ព័ត៌មានករណីបទល្មើសគ្រឿងញៀនមកកម្លាំងជំនាញ ស្របតាមទិសស្លោករបស់សម្តេចក្រឡាហោ ស ខេង “បីកុំ(កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូបន្ថយ) មួយរាយការណ៍(ត្រូវរាយការណ៍ពេលដឹងថាមានបទល្មើសគ្រឿងញៀន)” ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យអស់ពីសង្គមយើង ។ ប៉ុន្តែបុគ្គលណាដែលមិនបានចូលរួមសហការចូលរួមជួយសង្គមជាតិ បែបមករារាំងកិច្ចការអនុវត្តច្បាប់របស់សមត្ថកិច្ចជំនាញ ឬសមគំនិតជាមួយពួកឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺមិនត្រូវអត់ឱនឱ្យឡើយ ព្រមទាំងបន្តការស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធករណីខាងលើ និងមេខ្លោងនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់។
កន្លងមកមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនមន្រ្តីជំនាញ បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ នីតិវិធីនិងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម ។ ចំពោះមន្ត្រីនគរបាលជាតិ ណាអនុវត្ត មិនត្រឹមត្រូវតាមច្បាប់ អង្គភាពមិនលើកលែងឱ្យឡើយ គឺត្រូវទទួលការដាក់វិន័យ ឬបណ្តេញចេញពីក្របខណ្ឌ ឬអនុវត្តតាមច្បាប់៕
ដោយ៖សហការី