ទីក្រុងប៉េកាំងទើបតែ បានប្រកាសដាក់ទណ្ឌកម្ម ទៅលើមន្ត្រីកោះតៃវ៉ាន់ជាច្រើនរូប ដោយមូលហេតុ«ការពារផលប្រយោជន៍ និងការអភិវឌ្ឍរបស់ ពលរដ្ឋកោះតៃវ៉ាន់និងចិនដីគោក»។
ក្នុងចំណោមបុគ្គលទាំង៧រូប ស្ថិតនៅក្នុង បញ្ជីដាក់ទណ្ឌកម្ម ក្នុងនោះមាន Hsiao Bi-khim តំណាងកោះតៃវ៉ាន់ប្រចាំនៅអាមេរិក និង Wellington Koo អគ្គលេខាធិការនៃគណៈកម្មការសន្តិសុខកោះតៃវ៉ាន់ ។ តាមសារព័ត៌មាន ស៊ីនហួ បានផ្សាយថា បុគ្គល៧រូបស្ថិតនៅ ក្នុងបញ្ជីដាក់ទណ្ឌកម្មគឺសំដៅទៅលើ គណបក្សកាន់អំណាច នៅលើកោះនេះ។
ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ចិន នៅថ្ងៃទី១៦ខែសីហា បានប្រកាសថា បុគ្គលដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម និងសមាជិកក្រុមគ្រួសារ មិនអាចទៅកាន់ ចិនដីគោកបានឡើយ ក្នុងនោះមានទាំងកោះហុងកុង ម៉ាកាវផងដែរ ។
ទន្ទឹមនឹងនោះ បណ្តាក្រុមហ៊ុនដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងមិនអនុញ្ញាតឱ្យទទួលបានផលចំណេញ ពីចិនដីគោកនោះឡើយ។ សកម្មភាពខាងលើ ស្ថិតក្នុងគោលដៅអភិវឌ្ឍន៍សន្តិភាព ។
ការដាក់ទណ្ឌកម្មខាងលើ កើតឡើងក្រោយដំណើរទស្សនកិច្ច របស់តំណាងរាស្ត្រអាមេរិក ដឹកនាំដោយលោក Ed Markey មកពីគណបក្ស ប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែសីហា ៕ ដោយ ធីរីណា
រូបថត :AP