ឃ្លាំងគ្រាប់របស់កម្លាំងទាហាន រុស្ស៊ីនៅក្នុងភូមិ Maiskoye តំបន់គ្រីមៀ បានផ្ទុះឆេះបណ្តាល ឱ្យពលរដ្ឋពីរនាក់ រស់នៅក្បែរនោះរងរបួស។
សារព័ត៌មាន RiaNovosti នៅថ្ងៃទី១៦ខែសីហា បានឱ្យដឹងថា ប្រមុខដឹកនាំតំបន់គ្រីមៀ ដែលរុស្ស៊ីតែងតាំងគឺលោក Sergei Aksyonov បានប្រកាសថា ឃ្លាំងគ្រាប់របស់រុស្ស៊ីនៅក្នុងភូមិ Maiskoye ស្រុក Dzhankoysky ក្នុងតំបន់គ្រីមៀ ស្រាប់តែផ្ទុះឆេះ។
តាមការលើកឡើងរបស់លោក Aksyonov កម្លាំងទាហានរុស្ស៊ី បានឡោមព័ទ្ធតំបន់ផ្ទុះឆេះ ក្នុងបរិវេណ៥គីឡូម៉ែត្រ ។ នៅពេលនេះ ឃ្លាំងគ្រាប់នៅតែបន្តផ្ទុះឆេះនៅឡើយទេ ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការផ្ទុះឆេះឃ្លាំងគ្រាប់នេះ កើតឡើងនៅវេលាម៉ោង៦ និង ១៥នាទី ថ្ងៃទី ១៦ ខែសីហា ។
នេះជាករណី ផ្ទុះឃ្លាំងគ្រាប់លើកទីពីរ នៅតំបន់គ្រីមៀក្នុងរយៈពេល ១០ថ្ងៃកន្លងមក ។ នៅថ្ងៃទី៩ខែសីហា ការផ្ទុះឆេះកើតឡើង នៅខាងក្នុងទីតាំងយោធា Saki បណ្តាលឱ្យមាន អ្នកស្លាប់និងរបួស២០នាក់ ។
ការផ្ទុះ ឃ្លាំងគ្រាប់នោះ បណ្តាលឱ្យយន្តហោះចម្បាំងរុស្ស៊ី ៩គ្រឿងរងការខូចខាត។ ការផ្ទុះនោះ រុស្ស៊ីសង្ស័យ ទៅលើប្រទេសអ៊ុយក្រែន ជាអ្នកវាយប្រហារ ។ ប៉ុន្តែនៅក្នុងការផ្ទុះនាពេលនេះ ស្ថិតនៅភាគខាងជើងតំបន់គ្រីមៀ ឆ្ងាយពីព្រំដែនអ៊ុយក្រែន មីស៊ីលរបស់អ៊ុយក្រែនមិនអាចវាយប្រហារដល់នោះឡើយ៕ ដោយ ធីរីណា
រូបថត :Getty Images