មន្ត្រីរាជការមន្ទីរបរិស្ថានរាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលស្ដីពី«ការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យបរិស្ថាន»

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សិក្ខាកាមដែលជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន១០០នាក់ ទទួលបានការបណ្ដុះបណ្ដាលស្ដីពី«ការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យបរិស្ថាន» ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ពិធីបើកវគ្គបណ្តុះបណ្តាល បានប្រព្រឹត្តក្រោមអធិបតីភាពលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី និងសិក្ខាកាមជាច្រើនរូបទៀត។

លោក សុខ គាង បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានយល់ឃើញ និងចាត់ទុកធនធានមនុស្ស ជាធាតុចូលមិនអាចខ្វះបានក្នុងការអនុវត្តការងារយុទ្ធសាស្ត្ររបស់ក្រសួង រួមមាន៖ ១)ការធ្វើទំនើបកម្មស្ថាប័ន ២)កិច្ចគាំពារបរិស្ថាន ៣)ការអភិរក្សជីវចម្រុះ និង៤)ការរស់នៅដោយចីរភាព និងរដ្ឋបាលទំនើប។ ដើម្បីឈានទៅសម្រេចគោលដៅនៃការអភិវឌ្ឍមនុស្ស ឬធនធានមនុស្ស  ក្រសួងបរិស្ថានបានចាត់ទុកការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យបរិស្ថាន ជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់ និងរដ្ឋបាលទំនើប ក្នុងខណៈពេលដែលក្រសួងនៅមានចំនួនមន្ត្រីរាជការ បំពេញការងារមិនទាន់គ្រប់គ្រាន់ បើធៀបនឹងភាពទទួលខុសត្រូវវិសាលភាពការងារ និងដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ និងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ 

ការកសាងសមត្ថភាព ឬការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ឯកទេស ត្រូវបានក្រសួងចាត់ទុកជាយន្តការអាទិភាពក្នុងការផលិតធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ តាមទស្សនវិស័យ «បង្កើនធនធានមនុស្សដែលមានចំណេះដឹងពហុវិស័យ ទៅបំពេញនិងបម្រើដល់ផ្នែក/វិស័យដែលមិនមាន ឬមានមន្ត្រីមិនគ្រប់គ្រាន់»។ 

គួរបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងចែកជា០២វគ្គ (វគ្គ១ និងវគ្គ២) ដោយមានប្រធានបទផ្សេងគ្នា តាមជំនាញក្នុងវិស័យបរិស្ថាន។ ក្នុងនោះ វគ្គ១ ចាប់ផ្តើមពីថ្ងៃទី១៥-១៩ ខែសីហា ឆ្នាំ២០២២  នឹងសិក្សាលើប្រធានបទ៖ ១)រដ្ឋបាល ហិរញ្ញវត្ថុ ធនធានមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ ២)កិច្ចគាំពារបរិស្ថាន ៣)ការវាយតម្លៃផ្នែកផលប៉ះពាល់បរិស្ថាន  និង៤)ការងារអប់រំ និងការផ្សព្វផ្សាយបរិស្ថាន។ វគ្គ២ នឹងចាប់ផ្តើមនៅ ថ្ងៃទី២២-២៦ ខែសីហា ឆ្នាំ២០២២ នឹងសិក្សាលើប្រធានបទ៖ ១)តំបន់ការពារពារធម្មជាតិ  ២)សហគមន៍មូលដ្ឋាន និង៣)ការប្រែប្រួលអាកាសធាតុ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print