មន្ត្រីអ៊ុយក្រែន នៅថ្ងៃទី ១៧ខែសីហា បានបើកការហ្វឹកហាត់ ពីវិធីទប់ស្កាត់គ្រោះមហន្តរាយបរមាណូ នៅជិតរោងចក្រអគ្គិសនីបរមាណូ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយរងការវាយប្រហារ។
នៅក្នុងការហ្វឹកហាត់នេះ កម្លាំងប្រតិកម្មរហ័សរបស់អ៊ុយក្រែន បានស្លៀតឈុតការពារ ជួយសង្គ្រោះបន្ទាន់ និងត្រួតពិនិត្យសារធាតុ វិទ្យុសកម្ម ។ ការហ្វឹកហាត់នេះ នឹងបន្តធ្វើឡើងក្នុងពេលខាងមុខ ។
រុស្ស៊ី និង អ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារ នៅជិតទីតាំងរោងចក្រអគ្គិសនី Zaporizhzhia ក្នុងរយៈពេលកន្លងមក។
រដ្ឋមន្ត្រី ក្រសួងថាមពលអ៊ុយក្រែន លោក Herman Halushchenko បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកបង្ហាញក្តីបារម្ភ យ៉ាងខ្លាំងពីកម្រិតសុវត្ថិភាព របស់ Zaporizhzhia ជារោងចក្រអគ្គិសនី ដើរដោយថាមពលបរមាណូ ទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់អឺរ៉ុប ស្ថិតនៅភាគខាងកើត ប្រទេស អ៊ុយក្រែន។
អ៊ុយក្រែន និង រុស្ស៊ីចង់ឱ្យក្រុមស្រាវជ្រាវ របស់អង្គការថាមពលបរមាណូអន្តរជាតិ IAEA ទៅកាន់រោងចក្រខាងលើ។ អគ្គនាយកអង្គការ IAEA លោក Rafael Grossi បានឱ្យដឹងថា លោកនឹងដឹកនាំកម្លាំង ទៅត្រួតពិនិត្យដោយផ្ទាល់ ពីកម្រិតសុវត្ថិភាព៕ ដោយធីរីណា
រូបថត :REUTERS/NYT