ភ្នំពេញ : បញ្ហាគ្រឿងញៀនបច្ចុប្បន្នហាក់បី ដូចជាមានការហូរចូលយ៉ាងខ្លាំងមកប្រទេសកម្ពុជាតែត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបានជាហូរហែដូចជាភ្លៀងរលឹម។ បើមិនមានការស្រាវជ្រាវបង្ក្រាបទាន់ពេលវេលាពីសំណាក់សមត្ថកិច្ចជំនាញនោះទេប្រជាពលរដ្ឋភាគច្រើនជាពិសេសនោះគឺយុវជនដែលជាទំពាំងស្នងឬស្សីត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្គមជាតិ ។
ជាក់ស្ដែងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទម្ងន់ជាង១៨គីឡូក្រាមនៅរាជធានីភ្នំពេញ។
ករណីបង្ក្រាបលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩) និងមានការ ចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និងបង្រ្កាប នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន)ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លទ្ធផលរួមមានដូចខាងក្រោម :
ក-ឃាត់បានជនសង្ស័យម្នាក់នាក់:
-ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ
ខ-វត្ថុតាងចាប់យកបាន:
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម។
-មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ២១.៦១ក្រាម។
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១៧ គ.ក្រ ៨៦៤.០៤ក្រាម។
សរុបសារធាតុញៀន ១៨ គ.ក្រ ៣២៤.៥៩ ក្រាម
-ម៉ូតូ១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ដោយ ស សម