ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀច១កង់ ឯរថយន្តដាច់កង់ម្ខាងទៅមុខលែងរួច កាលវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចស្ថានីយបូមទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិបរទេសម្នាក់បានបើករថយន្តម៉ាកMorning ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BK -7854 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀច១កង់ រីឯរថយន្តខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណាំ សំណាងល្អមិនមានអ្នករបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ មកធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ