ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះក៏ប្រទះឃើញមុខសញ្ញាកំពុងតែ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ។ ភ្លាមៗនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញមុខសញ្ញាមានដីកាចំនួន២ករណី គឺដីកាបង្កាប់ឱ្យចាប់ខ្លួនពិរុទ្ធជន និងដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ករណីខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ គឺឈ្មោះដេត ដារ៉ាវីត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនលេខ ៣០ តព្រ/២២ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ចេញដោយលោកសួស ឡា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៦ តព្រ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ចេញដោយលោកសាអឿន កោសល្យមុនី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១០គ្រាប់, គ្រាប់កាំភ្លើងខ្លីចំនួន២គ្រាប់, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់, ជញ្ជីងអេឡិចត្រូនិកចំនួន២គ្រឿង, ស្លាកលេខរថយន្ដចំនួន២សន្លឹក និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖ អ្នកប្រមាញ់