មានរូបភាពវីដេអូជាច្រើន បង្ហាញពីការ ផ្ទុះឆេះឃ្លាំងគ្រាប់របស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន ត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ រូបភាពបង្ហាញឱ្យឃើញថា ការផ្ទុះឆេះបង្កឱ្យមានដុំភ្លើងយ៉ាងធំ និងផ្សែងខ្មួលខ្មាញ់ គ្របដណ្តប់ពេញដែនអាកាស។
អភិបាលរដ្ឋតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkov នៅយប់ថ្ងៃទី ១៨ ខែសីហាបានឱ្យដឹងថា «ឃ្លាំងគ្រាប់និងអាវុធជាច្រើន ត្រូវបានផ្ទុះឆេះស្ថិតនៅក្នុងភូមិ Timonovo ស្រុក Valuysky ។ តាមរបាយការណ៍ថ្មីបំផុត ការផ្ទុះឆេះនោះ មិនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសឡើយ។ មន្ត្រីក្នុងតំបន់ បានជម្លៀសពលរដ្ឋទៅកាន់ តំបន់មានសុវត្ថិភាព»។
ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ។ ក្រោយការផ្ទុះឆេះនោះ ក៏មានសំឡេងផ្ទុះជាបន្តបន្ទាប់ផងដែរ។ ចាប់តាំងពីយុទ្ធនាការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនមក ក៏មានការវាយប្រហារជាច្រើនទៅលើទីតាំងយោធា របស់រុស្ស៊ីផងដែរ។
កន្លងមក ក៏មានករណីផ្ទុះឃ្លាំងគ្រាប់ នៅអាកាសយានដ្ឋានយោធា រុស្ស៊ី នៅក្នុងតំបន់គ្រីមៀ បំផ្លាញសម្ភារសឹកជាច្រើនរបស់រុស្ស៊ី ៕ ដោយធីរីណា
រូបថត :Twitter/AP