បុគ្គលម្នាក់ដែលបំផុសបំផុលចលនាទន្រ្ទានដីព្រៃ នៅខេត្តព្រះសីហនុ ពេលនេះចូលខ្លួនមកសារភាពទោសកំហុស

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ នេះ​ បុគ្គល​ឈ្មោះ​ ​ផុន ផេន ដែលជាអ្នកបំផុសបំផុលចលនាទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំពេញក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចូលសារភាពទោសកំហុស​ នៅសាលាដំបូងខេត្តព្រះសីហនុ។ បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យលោក​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែក​មុខ​រក​មេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និង​មួក​គណបក្ស​ប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។

រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានបន្ដថា​ ជាមួយនឹងការទទួលកំហុសរបស់បុគ្គលឈ្មោះ​ ផុន ផេន នេះក៏បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរខេត្តចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាមលោក និងឈប់ទន្ទ្រានកាន់កាបដីព្រៃតទៅទៀត ហើយចូលរួមស្រលាញ់ព្រៃឈើទាំងអស់គ្នា។

គួររម្លឹកថា​ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។​ ដោយ​បានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចតេជោ​ បានដឹងថា ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវតែម្តង៕

ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print