ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ អ្នកបើកបរម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូជនរងគ្រោះនិងរថយន្ត ទិសដៅបញ្ច្រាសគ្នា។
សមត្ថកិច្ចជំនាញចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៩សីហា២០២២ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1S-5630 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ អែម វី ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អាយុ ៣៥ឆ្នាំមុខរបរកម្មកររោងចក្រ អ្នកទាំង០២មានទីលំនៅភូមិបត់គគីរ ឃុំអរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាជែង ខណះពេលនោះមានរថយន្ដ០១គ្រឿងម៉ាក HIGHLANDER ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2706 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខខាងឆ្វេងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០១នាក់ និងរងរបួសចំនួន ០១នាក់៖
១. ឈ្មោះ អែម វី ភេទប្រុស អ្នកបើកបរម៉ូតូ HONDA DREAM (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២. ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA DREAM (រងរបួសជើងខាងឆ្វេងធ្ងន់) ។
បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិង ជនរងគ្រោះបានយកមកសង្គ្រោះនៅគ្លីនិចឯកជន ផេង ហ៊ុល ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ)បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដោះអាសន្ន ។ដោយឡែកអ្នកបើកបររថយន្ដHIGHLANDER បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕ដោយ៖សហការី