ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងប្រឡាយទឹកបឹងត្របែក ដែលសពជនរងគ្រោះនេះគេសង្ស័យថាជាជនបរទេស។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតនៅក្នុងទឹកប្រឡាយបឹងត្របែក ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ។ ចំពោះករណីនេះដែរប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍មានការសង្ស័យថាសពអាចជាជនបរទេសម្នាក់ដែលបានលោតទឹកកាលពីយប់ គឺមុនពេលប្រទះឃើញសាកសពអណ្តែតនាពេលនេះ ។
តាមប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា ជនរងគ្រោះជាជនជាតិចិន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ។ ករណីនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ព្រោះមិនទាន់មានប្រភពពីកម្លាំងសមត្ថកិច្ចបញ្ជាក់ប្រាប់ឱ្យដឹងច្បាស់។
បន្ទាប់មកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសស្រង់យកមកដាក់នៅលើគោកដើម្បីធ្វើកោសល្យវិច័យឱ្យដឹងច្បាស់ថាជនរង គ្រោះស្លាប់ដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ ។
ក្រោយពីកម្លាំងមានសមត្ថកិច្ចធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា សពពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន ហើយបានដឹកយកទៅតម្កាល់នៅវត្តទឹកថ្លាដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ