ខេត្តកំពង់ធំ៖ អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ និងបទបញ្ជា របស់ឯកឧត្ដមអភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសអាសន្នត្រួតពិនិត្យកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងអន្តរាគមន៍ នៅទី បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ បានទាន់ពេលវេលា ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយខែកន្លងមក និងមកដល់បច្ចុប្បន្ន នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នៅខេត្តព្រះវិហារ និងនៅក្នុងខេត្តកំពង់ធំ ធ្វើឲ្យជំនន់ទឹកភ្លៀងបានឡើងជាខ្លាំងនៅតាម បណ្ដោយដងស្ទឹងសែន ស្ទឹងស្ទោង និងបានបណ្ដាលឲ្យខូចខាតនិងប៉ះពាល់ដល់ផលដំណាំស្រូវ របស់បងប្អូនប្រជា កសិករនៅតាមបណ្ដាឃុំនិងស្រុកមួយចំនួនផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែល រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះនិងត្រៀមមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនកងកម្លាំង ព្រមទាំងការងារដឹកនាំបញ្ជាម៉ត់ចត់ ដើម្បីចល័តអន្តរាគមន៍បានទាន់ពេលវេលានិងមានប្រសិទ្ធ ភាព ។
នៅក្នុងឱកាសនេះដែរ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានក្រើនរំលឹកដល់យោធិនគ្រប់រូប នៃ កងកម្លំាងអន្តរាគមន៍ ត្រូវបន្តការប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លង ជាថ្មី ប៉ុន្តែមិនបណ្ដាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពយើងដោយសាកងទ័ពនិងក្រុមគ្រួសារបានចាក់វ៉ាក់សាំង ដូសទី៥រួចហើយ តែត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ មន្នី