ក្រសួងសាធារណការនិងដឹកជញ្ជូន ៖ ចម្ងាយផ្លូវរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ នឹងកាត់មកត្រឹម ១៩១គីឡូម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា បន្ទាប់ពីបានចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីការសិក្សាវាយតម្លៃព័ត៌មានទីផ្សារ និងសេចក្តីព្រាង លក្ខខណ្ឌកិច្ចសន្យា រៀបចំដោយក្រុមហ៊ុន Ernst & Young ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនបានបង្ហាញថា ចម្ងាយផ្លូវរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងកាត់បន្ថយចម្ងាយមកត្រឹមតែ ១៩១គីឡូម៉ែត្រ គ្រាដែលចម្ងាយផ្លូវនេះមានប្រវែងសរុប ២៣០គីឡូម៉ែត្រ។

ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីបិទកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នៅទីស្តីការក្រសួង។ លោកទេសរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមគម្រោងសម្រាប់ផ្លូវល្បឿនលឿនខាងលើនេះនឹងមានរៀបចំជាផ្លូវហៃវ៉េ ទៅពីរមកពីរ។ ក្នុងគម្រោងនោះក៏មានផ្លូវបិទជិតដោយគ្មានសត្វគោ-ក្របី អាចឆ្លងកាត់ផ្លូវបាន ដោយមានកន្លែងចេញ-ចូលចំនួន ៧កន្លែង។ ជាមួយនឹងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ លោកបញ្ជាក់បន្ថែមថា នឹងខិតខំយ៉ាងណា បញ្ចប់កិច្ចព្រមព្រៀងឲ្យបានត្រឹមឆ្នាំ២០១៦នេះ ដើម្បីបើកការ-ដ្ឋានសាងសង់។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះដែរក៏មានការអញ្ជើញចូលរួមស្តាប់របស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិកដទៃទៀតនៃគណៈកម្មាធិការផ្លូវល្បឿនលឿនផងដែរ។ ទីប្រឹក្សាក្រុមហ៊ុន Ernst & Young បានពិពរណ៍នានិងបកស្រាយការវិភាគរបស់ខ្លួនអំពីទិដ្ឋភាពផ្សេងៗ នៃគម្រោងសម្រាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង ១៩១គីឡូម៉ែត្រ ក្រោមកិច្ចសន្យាសម្បទាននៃគម្រោង BOT (កសាង ប្រតិបត្តិ ផ្ទេរ)។

ជាមួយគម្រោងនេះ លោក ស៊ុន ចាន់ថុល និងអ្នកចូលរួមទាំងអស់ក៏បានពិភាក្សាលើលទ្ធផលនៃការសិក្សានិងបានជំរុញឱ្យក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ពិនិត្យមើលឡើងវិញនូវគម្រោងនេះ ហើយផ្តល់ព័ត៌មាននិងអំណះអំណាងបន្ថែមទៀតមកឲ្យគណៈកម្មាធិការវិញ ដើម្បីឲ្យគណៈកម្មាធិការអាចធ្វើការសម្រេចចិត្ត និងអាចចរចាជាមួយសាជីវកម្មស្ពានថ្នល់ចិន CRBC ឲ្យកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យគម្រោងនេះមានការរីកចម្រើនទៅមុខ ដោយយកចិត្តទុកដាក់លើការពិនិត្យមើលជាសំខាន់នូវបញ្ហា ហានិភ័យ និងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

2ddbd2cb-432f-4b52-9ca2-e2bb4be3b4dc

61bae081-cb3c-4ab8-910c-2cd593d4eb00

9863c6b7-9f48-4b5b-b30b-45d6cfac76e9

86730c11-dade-401f-bd9c-8883c5c3344d

b2f14eb7-7a42-4e38-aa3f-08f17a123289

d5f234c4-7c66-49a1-9485-5e65a1197e57

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print