ខេត្តសៀមរាប : សេចក្ដីប្រកាសព័ត៌មាន ស្ដីពី “ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប” នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
នេះជាសេចក្តីប្រកាសព័ត៌មាន ស្ដីពី ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និង មជ្ឈមណ្ឌលកម្ពុជា ៤.០ បានរៀបចំ “ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប” ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា, ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបាន ប្រព្រឹត្តទៅតាមប្រព័ន្ធចម្រុះ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ តំណាងវិស័យ ឯកជន ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៣០០ នាក់។
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុង គោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួម ស្តារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍន៍ ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ព្រមទាំង មន្ត្រីទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នាឱកាសពិធីបើកវគ្គនេះ លោក ថោង ខុន បានមានប្រសាសន៍ថា ស្របពេលជាមួយ នឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ, ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយ វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាកាតាលីកររុញដោលឱ្យការប្រើបច្ចេកវិទ្យាជាដំណោះស្រាយ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍ កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤,០។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវយន្តការប្រទាក់ក្រឡាគ្នាជាបន្តបន្ទាប់ ដែលរួមបញ្ចូលការជំរុញឱ្យប្រើប្រាស់ និងទាញយក ប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដែលនឹងចូលរួមរុញដោលការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺជាគោលដៅដ៏ ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទ ក្នុង និងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារសំខាន់ៗ នៅក្នុងដំណាក់កាលងើបឡើង វិញនេះ។
ជាក់ស្ដែង ថ្មីៗនេះ នាឱកាស “ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុប ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩- សម្តេច តេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឱ្យសិក្សាប្រភពទីផ្សារគោលដៅ ដែល មានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធ ឌីជីថល ដើម្បីបង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ, បន្ត ពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យទេសចរណ៏ ដោយអភិវឌ្ឍន៍ជំនាញ និងជំរុញអក្ខរកម្ម ឌីជីថល, រួមជាមួយការពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅតាមតំបន់ អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរ អន្តរជាតិបន្ថែម។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍គូសបញ្ជាក់ថា “បរិវត្តកម្មឌីជីថល” បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយ សម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃ គូអភិវឌ្ឍន៍ ដែលយើងត្រូវរួមគ្នាធ្វើដំណើរលើផ្លូវមួយនេះ ប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែង យល់, សម្របខ្លួន និងក្ដាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ជាប់ជា ប្រចាំ។ ជាក់ស្ដែង បច្ចេកវិទ្យា និងអ៊ីនធឺណិតបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម
នៅគ្រប់កោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើ កត្តាផលិតកម្ម, កម្លាំងពលកម្ម, ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យា បានជំរុញឱ្យមានការផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ ហើយបានក្លាយជាមូលដ្ឋាននៃការទំនាក់ទំនង ការបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។
លោកប្រធាន បានវាយតម្លៃថា “អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ ជាក់ស្តែង ការ ប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងសា្ថប័ន ដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាព ជីវិត គុណភាពនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ស្រប តាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ “ការសិក្សា
រៀនសូត្រពេញមួយជីវិត”។
នៅចុងបញ្ចប់នៃអង្គពិធីនេះ ឯកឧត្តមគណៈអធិបតី បានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកន្លងមក និងលើកទឹកចិត្តដល់សិក្ខាកាម ដែលត្រូវចូលរួមវគ្គ បណ្តុះបណ្តាល សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ឱ្យយកចិត្តទុកដាក់ និងខិតខំចូលរួមស្វែង យល់ឱ្យបានពេញលេញគ្រប់មុខវិជ្ជា ដើម្បីមានសមត្ថភាពទាញយកសក្តានុពលពីបច្ចេកវិទ្យា ប្រយោជន៍សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់ស្ថាប័ន៕
ដោយ : សិលា