ក្រុមកីឡាបាល់បោះលីកកំពូលអាមេរិកនឹងមកបង្ហាញថ្វីដៃនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាបាល់បោះរបស់សហរដ្ឋអាមេរិក NBA នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅចន្លោះថ្ងៃទី១១ដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ខាងមុខ ក្នុងគោលបំណងសហការគ្នារវាង ស្ថានទូតអាមេរិកប្រចាំ កម្ពុជា នឹងគណៈកម្មាធិការជាតិអូឡាំពិក។ នេះបើតាមការថ្លែងឲ្យដឹងពីសំណាក់លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ នៅអគារស្នាក់ការ NOCC។

លោក មានប្រសាសន៍ថា នេះ ជាលើកទីមួយហើយដែលក្រុមបាល់បោះលេងក្នុងលីកលំដាប់កំពូលរបស់អាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងបំណងលើកទឹក ចិត្តដល់ក្រុមបាល់បោះលីកកម្ពុជា តាមរយៈការបង្ហាញនិងប្រកួតជាមិត្តភាព។ជាមួយការមកដល់របស់ក្រុម NBA(National Basket Association)ខាងនេះ ពួកគេនឹងចុះទៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យ នានាដើម្បីផ្ដល់សម្ភារបាល់បោះដូចជាបាល់-សំណាញ់ជាលក្ខណៈមនុស្សធម៌និងបង្ហាញពីរបៀបលេងបាល់ដល់សិស្សនិស្សិតកម្ពុជាពីថ្វីដៃលេងយ៉ាងអស្ចារ្យរបស់ពួកគេក្នុងន័យចែករំលេកបទពិសោធន៍ ។

លោកអគ្គលេខាធិការNOCC បានបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិក និង សហព័ន្ធកីឡាបាល់បោះ បានចាប់ដៃ សហការគ្នាដើម្បីបង្កើតឲ្យមានព្រឹត្តិការណ៍ដំណើរ ទស្សនកិច្ចនេះ ឡើងក្នុងគោលបំណងជំរុញវិស័យកីឡាបាល់បោះឲ្យកក្រើកឡើង ។ ចំពោះដំណើរទស្សនកិច្ច របស់ក្រុមNBA មិនមែនមកកម្ពុជាគ្រាន់តែបង្ហាញបទពិសោធន៍ មនុស្សធម៌ប៉ុណ្ណោះទេ ដោយពួកគេនឹងធ្វើដំណើរកម្សាន្តទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាក្តីបំណងប្រាថ្នារបស់មនុស្សនៅលើលោកចង់ដឹង ចង់ឃើញ ។

លោកពន្យល់ថា ក្រុមដែលលេងក្នុង NBA ជាក្រុមកំពូល ឬ អាចនិយាយថាជាក្រុមដែលលេងក្នុង League កំពូលរបស់អាមេរិក អាមេរិកជាប្រទេសមហាអំណាចបាល់បោះរបស់ពិភពលោក ។ ប្រទេសកម្ពុជាអាចចាត់ទុកថាជាប្រទេស ដែលមានសំណាងដែរដោយបានទទួលក្រុមបាល់បោះ NBA ។គោលបំណងសំខាន់មួយទៀត របស់ក្រុមNBA គឺតាមរយៈស្ថានទូតអាមេរិក បានឮថាកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហេតុដូច្នេះហើយបានថាគេចង់មកជួយនិងលើកទឹកចិត្ត ជំរុញឲ្យវិស័យកីឡាមួយនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនាថ្ងៃអនាគត៕

_____ _____

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print