បេះដូងរបស់ស្តេចទីមួយនៃប្រទេសប្រេស៊ីល Dom Pedro I បានទៅដល់រដ្ឋធានី Brasilia ក្នុងឱកាសគម្រប់ខួប២០០ឆ្នាំ ថ្ងៃ ទទួលបានឯករាជ្យចេញពីប្រទេសព័រទុយហ្គាល់។
បេះដូងរបស់ស្តេចទីមួយត្រូវបាន រក្សាទុកក្នុងកែវមានសារធាតុ formaldehyde បានបញ្ជូនឡើងយន្តហោះយោធា ពីប្រទេសព័រទុយហ្គាល់ ហើយទទួលបានការស្វាគមន៍ពីកម្លាំងយោធា មុនពេលដាក់បង្ហាញមហាជននៅក្នុងក្រសួងការបរទេស។
បេះដូង ត្រូវបានការពាររក្សាទុកនៅក្នុងរដ្ឋធានី Porto នៃប្រទេសព័រទុយហ្គាល់ ហើយអនុញ្ញាតឱ្យប្រទេសប្រេស៊ីល ខ្ចីយកទៅនៅក្នុងទិវាដ៏សំខាន់នេះ ។ បេះដូងអធិរាជទីមួយត្រូវបានបញ្ជូនឡើងយន្តហោះរបស់កម្លាំងទាហានអាកាសប្រេស៊ីល ដោយមានការអមដំណើរពីក្រុមអភិបាលក្រុង Porto លោក Rui Moreira។
លោក Alan Coelho de Séllos មន្ត្រីនៃក្រសួងការបរទេសប្រេស៊ីល ទទួលបន្ទុករៀបចំពិធីទទួលបេះដូងអធិរាជបានឱ្យដឹងថា «បេះដូងខាងលើនឹងទទួលបានការស្វាគមន៍ដូចជាប្រមុខដឹកនាំប្រទេស ក៏ដូចជាស្តេចមួយអង្គដែលនៅមានព្រះជន្ម»។
ព្រះចៅអធិរាជទីមួយប្រសូត្រនៅឆ្នាំ១៧៩៨ ក្នុងគ្រួសាររាជវង្សព័រទុយហ្គាល់ ហើយក្នុងអំឡុងពេលនោះក៏បានគ្រប់គ្រងប្រទេសប្រេស៊ីល។ គ្រួសាររាជវង្សត្រូវបានភៀសខ្លួនទៅកាន់ប្រទេសប្រេស៊ីលក្នុងពេលកម្លាំងទាហាន ណាប៉ូឡេអុង ឈ្លានពាន។
ក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសព័រទុយហ្គាល់វិញនៅឆ្នាំ១៨២១ ព្រះមហាក្សត្រ Dom Pedro បានក្លាយជាព្រះមហាក្សត្រដឹកនាំប្រទេសប្រេស៊ីលក្នុងវ័យ២២ព្រះវស្សា។ មួយឆ្នាំក្រោយមកព្រះមហាក្សត្រវ័យក្មេងក៏បានច្រានចោលសំណើពីរដ្ឋសភា ធ្វើជាអាណានិគម ហើយក៏បានបដិសេធវិលត្រឡប់ទៅកាន់ប្រទេសព័រទុយហ្គាល់វិញដែរ។
នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ១៨២២ ព្រះចៅអធិរាជបានប្រកាសឯករាជ្យ ប្រទេសប្រេស៊ីលពីព័រទុយហ្គាល់ ហើយគ្រងរាជ្យដឹកនាំប្រទេសនេះតែម្តង។ ព្រះចៅអធិរាជទីមួយបានចូលព្រះទិវង្គតក្នុងព្រះជន្ម ៣៥ព្រះវស្សា៕ ដោយ ធីរីណា
រូបថត :BBC