ខេត្តស្វាយរៀង: មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានបំភ្លឺករណីមរណភាពកុមារីដោយមូលហេតុឪម៉ាល់ទិចប្រហែលលើសពី៣០ទ្រនិច ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង សូមបំភ្លឺជូនសាធារណជន និងក្រុមគ្រួសារនៃសពចំពោះករណីមរណភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទស្រី អាយុ៧ឆ្នាំ អាសយដ្ឋានភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោង១៧:១១នាទី ដោយមូលហេតុឪម៉ាល់ទិចប្រហែលលើសពី៣០ទ្រនិច នៅលើដៃទាំងសងខាង ជើងទាំងសងខាង នៅលើក្បាល និងដងខ្លួន ដែលតម្រូវឱ្យក្រុមគ្រូពេទ្យធ្វើការសង្រ្គោះបឋម។
នៅវេលាម៉ោង១៧:៤០នាទី ក្រុមគ្រូពេទ្យបានធ្វើការវាយតម្លៃពីស្ថានភាពអ្នកជំងឺឡើងវិញដោយពិនិត្យឃើញថាជាតិពុលរបស់សត្វទិចបានពុលទៅលើសរីរាង្គសំខាន់ៗគ្រប់ទីកន្លែងដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្ដែក្រុមគ្រូពេទ្យនៅតែបន្តការព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសពពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្រ្គោះអស់រយៈពេលជាង២ម៉ោងស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។ នៅវេលាម៉ោង២០:១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ជូនអ្នកជំងឺតាមរថយន្ដសង្រ្គោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្ថានភាពនៅតែធ្ងន់ធ្ងរដែលបានទៅដល់មន្ទីរពេទ្យនៅវេលា ម៉ោង២២:១៥នាទី។
សាកសពកុមារីត្រូវបានរថយន្តសង្គ្រោះដឹកជូនដល់លំនៅឋានដោយពុំគិតថ្លៃសេវាដឹកជញ្ជូន រីឯថ្លៃសេវាដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញក៏បានប្រគល់ជូនដល់ក្រុមគ្រួសារនៃសពដើម្បីជាការចូលរួមរំលែកទុក្ខផងដែរ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសព កុមារី ភឿន ចាន់ថា ដោយក្តីក្រៀមក្រំក្រៃលែង៕
ដោយ៖ សុថាន