ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកបណ្ឌិត ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) និងធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលបានប្រព្រឹត្តទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ។
ថ្លែងក្នុងពិធីបើកសម្ពោធ លោក ឈួន ដារ៉ា បានមានប្រសាសន៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់វិស័យសាធារណៈនិងឯកជន ព្រោះវិស័យនេះបានរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារថ្មី និងជំរុញការនាំចេញ។ ដោយទទួលស្គាល់ពីភាពចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលវិស័យឌីជីថល និងនវានុវត្តន៍ក្នុងរបៀបវារៈគោលនយោបាយមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ច្បាប់ស្តីពីE-Commerce យុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកជាដើម ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យនេះ។
លោករដ្ឋមន្រ្តីប្រតិភូ បានជម្រាបជូនអង្គពិធីថា ដោយផ្អែកលើមូលដ្ឋានគោលនយោបាយជាតិពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុតមួយចំនួន រួមទាំងការចូលរួមកសាងក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយបានដាក់បញ្ចូលជំពូកខ្លះស្តីពីការជំរុញធុរកិច្ចឌីជីថល និងឌីជីថលអេកូឡូហ្ស៊ី។
គួរបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងទាក់ទាញធុរជនជាតិ និងអន្តរជាតិយ៉ាងច្រើនគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើតទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងថ្នាលអេឡិចត្រូនិកផ្សេងៗ សម្រាប់ធ្វើប្រតិបត្តិការទិញ-លក់ផលិតផលតាមប្រព័ន្ធអនឡាញ ព្រោះថាផ្សារលក់ផលិតផលតាមប្រព័ន្ធអនឡាញ នឹងរួមចំណែកសម្រួលចរន្តទីផ្សារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់សហគ្រាសក្នុងស្រុក ជាពិសេសជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។ ទន្ទឹមនេះ ឯកឧត្តម បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈដឹកនាំនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលបានសហការគ្នាបង្កើតកម្មវិធីនវានុវត្តន៍នេះឡើង ដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជាឱ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា(ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០ ព្រោះថាកម្ពុជាកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានជំនាញលើវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មដែលមានជំនាញនាពេលខាងមុខ។
សូមបញ្ចាក់ថា “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) ជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ផ្តល់នូវការអប់រំ លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិត និងយុវជន។ ក្រៅពីជំនាញចំបងៗដូចជា AI, IoT, Big Data, Coding និងprogramming, internet of things កម្មវិធីនេះក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជំរុញយុវជនឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត។
លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Hark Kyu Parkប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនសាមសុងអេឡិចត្រូនិចសកល ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក Sangho Joនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិចប្រចាំនៅអាស៊ីអាគ្នេយ៍និងអូសអានី ក្រសួងស្ថាប័នពាក់ព័ន្ធ និងសាស្ត្រាចារ្យសិស្សនិស្សិតជាង៣០០នាក់បានចូលរួមក្នុងពិធីសម្ពោធនេះ។ ក្រោយពីបញ្ចប់ពិធីសម្ពោធ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា គណៈធិបតី និងប្រតិភូ បានធ្វើទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងបើកដំណើរការចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ដោយ៖សហការី