ឥណ្ឌាបានសម្រេចបណ្តេញមន្ត្រីយោធា៣រូបចេញពីក្របខ័ណ្ឌ ក្រោយពេលបាញ់មីស៊ីល BrahMos ច្រឡំចូលទៅក្នុងទឹកដី ប៉ាគីស្ថាន កាលពី ខែ មីនា ឆ្នាំ២០២២។
សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីឥណ្ឌាដែលបានបញ្ជាក់កាលពីថ្ងៃទី២៣ខែសីហាថា កម្លាំងទាហានអាកាសឥណ្ឌាបានសម្រេចបណ្តេញមន្ត្រី ៣រូប ដែលខ្វះភាពទទួលខុសត្រូវ បានបាញ់មីស៊ីលច្រឡំចូលទៅកាន់ទឹកដី ប៉ាគីស្ថាន។
នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុស ដោយប្រទេសជិតខាងដែលធ្លាប់បានបង្កជាសង្រ្គាមចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសានៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់កងទ័ពអាកាសឥណ្ឌាបានឱ្យដឹងថា តុលាការបានបើកការស៉ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែក រកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបានរកឃើញថា ដោយសារតែការធ្វេសប្រហែស ក្នុងការអនុវត្តនីតិវិធីប្រតិបត្តិ តាមស្តង់ដារនៃមន្រ្តី ៣នាក់ ទើបនាំឱ្យមានការបាញ់មីស៉ីល ដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តី ទាំង ៣រូបនេះ ចេញនៅថ្ងៃអង្គារសប្តាហ៍នេះ។
មីស៊ីលBrahMos ជាប្រភេទមីស៉ីល អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ដោយចៃដន្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឱ្យ ប៉ាគីស្ថានព្រមាន និងស្វែងរកចម្លើយតបពីទីក្រុង ញូវដេលី លើយន្តការសុវត្ថិភាពដើម្បីទប់ស្កាត់ កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី ខណៈមិនមាននរណាម្នាក់ រងរបួសនោះទេ៕ ដោយ ធីរីណា
រូបថត :CNN/TTXVN-VNA