ភ្នំពេញ៖ បេីយោងតាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅលើសំណង់ខុសច្បាប់តំបន់រមណីយដ្ឋានអង្គរ ចំនួន៦៩៨គ្រួសារ ស្មើនឹង ៧២,៤៨ភាគរយហើយ ស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ជាក់ស្ដែងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្រសួង បានគូសបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល ដូចខាងក្រោម៖
-វាស់វែងក្បាលដីបានចំនួន ២០.០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
-បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ
-ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន ៤៤ តួប ក្នុងនោះ ៣៤ តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តួប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក
-ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៩៦៣ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ៣៤៩គ្រួសារ ស្ថិតនៅភូមិទីក្សិណត្បូង និង ៦១៤គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ។ ប្រជាពលរដ្ឋ ៦៩៨គ្រួសារ ស្មើនឹង ៧២,៤៨ភាគរយ បានស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក ក្នុងនោះមាន២៣៤គ្រួសារ ស្ថិតនៅភូមិទីក្សិណត្បូង និង៤៤៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ដែលនឹងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨៖៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប។
គួរបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សូមជម្រាបថា យុទ្ធនាការនេះដែរ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ដែរថា ក្នុងយុទ្ធនាការនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ៕
ដោយ៖សហការី