តោះនាំគ្នាស្វែងយល់បន្តិចអំពីការវិត្តនៃបច្ចេកវិទ្យាទូរគមនាគមន៍ !

ចែករំលែក៖

ភ្នំពេញ : តោះនាំគ្នាស្វែងយល់បន្តិចអំពីការវិត្តនៃបច្ចេកវិទ្យាទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សោតទស្សន៍ និងឌីជីថលកម្ម ជាសកល ក៏ដូចជានៅក្នុងនិន្នការគោលនយោបាយនៃប្រទេសជាតិរបស់យើង ។ នេះជាថ្លែងរបស់ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

លោកបានបញ្ជាក់ថា, ជាដំបូងយើងត្រូវស្គាល់អត្ថន័យនៃពាក្យគន្លឹះមួយចំនួន រួមមានដូចតទៅ៖
– ទូរគមនាគមន៍ (Telecommunication) សំដៅដល់ការផ្លាស់ប្តូរព័ត៌មាន ក្នុងថេរចំងាយ តាម រយៈមធ្យោបាយអេឡិកត្រូនិក ដែលទាក់ទងទៅនឹងការបញ្ជូនស៊ីញ៉ាល់សំឡេង ទិន្នន័យ និង វីឌីអូ នៅលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមមានបណ្តាញខ្សែកាប្លិ៍សសៃទង់ដែង បណ្តាញខ្សែកាប្លិ៍អុបទិក បណ្តាញរលកអាកាសវិទ្យុ (ហ្វ្រេកង់ស៍វិទ្យុ /ម៉ៃក្រូវ៉េវ /ប្រព័ន្ធផ្កាយរណប) ឬប្រព័ន្ធអេឡិកត្រូម៉ាញ៉ាទិកដទៃទៀត។
– បច្ចេកវិទ្យាពត៌មាន (Information Technology) សំដៅដល់បច្ចេកវិទ្យាដែលប្រើប្រាស់ប្រព័ន្ធ កុំព្យូទ័រឬប្រព័ន្ធទូរគមនាគមន៍ សម្រាប់រក្សាទុក ទាញយក និងបញ្ជូនព័ត៌មាន។
– សោតទស្សន៍ (Broadcasting) សំដៅដល់ការបញ្ជូនកម្មវិធីផ្សព្វផ្សាយព័ត៌មាន ឬព័ត៌មាន តាម រយៈវិទ្យុ និងទូរគមនាគមន៍។
– មាតិការ (Content) សំដៅដល់អ្វីដែលតំណាងឱ្យ ឬណែនាំឱ្យ ជាការសរសេរ ឬលាយល័ក្ខណ៍អក្សរ ឬបង្កើតឡើងជាសិល្បៈ ឬគំនិត សម្រាប់ជាគោលក្នុងការទំនាក់ទំនងគ្នា។

ដើមឡើយបច្ចេកវិទ្យាទាំង ៣ (បី) ខាងលើនេះ ត្រូវបានគ្រប់គ្រងដោយក្រសួងឬស្ថាប័នជំនាញ (អ្នក
ធ្វើគោលនយោបាយ/និយ័តករ/ប្រតិបត្តិករ) ដោយឡែកៗពីគ្នា។

ដូចករណីបន្សល់ទុកដល់សព្វថ្ងៃសម្រាប់ការអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៖

១) វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៖

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រប់គ្រងធ្វើគោលនយោបាយ អ្នកដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងជារដ្ឋសមាជិកក្នុងកិច្ចការការបរទេស លើវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យព័ត៌មានវិទ្យា ព្រមទាំងគ្រប់គ្រងធ្វើនិយ័តកម្មលើវិស័យព័ត៌មានវិទ្យា ឬហៅថាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។

និយ័តករទូរគមនាគមន៍កម្ពុជា គ្រប់គ្រងធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍ប៉ុណ្ណោះ។

ប្រតិបត្តិករទូរគមនាគមន៍ រួមមានប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត/អចល័ត ប្រតិបត្តិករផ្តល់សេវា អ៊ីនធឺណិត ប្រតិបត្តិករផ្តល់សេវាបណ្តាញទូរគមនាគមន៍តាមរយៈខ្សែកាប្លិ៍អុបទិកលើដែនគោក ឬក្រោមបាតសមុទ្រ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ប្រតិបត្តិករផ្តល់សេវាមាត់ច្រកទូរគមនាគមន៍អន្តរជាតិ ប្រតិបត្តិករសំឡេងលើអាយភី និង/ឬប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ពាក់ព័ន្ធដទៃទៀត។

២) វិស័យសោតទស្សន៍និងព័ត៌មាន៖

ក្រសួងព័ត៌មាន គ្រប់គ្រងធ្វើគោលគ្រប់គ្រងធ្វើគោលនយោបាយ ដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើនិយ័តកម្ម និងជារដ្ឋសមាជិកក្នុងកិច្ចការការបរទេស លើវិស័យសោតទស្សន៍ និងមាតិការ។

ប្រតិបត្តិករព័ត៌មាន រួមមានប្រតិបត្តិករផ្តល់សេវាវិទ្យុ (FM/AM Radio) ប្រតិបត្តិករផ្តល់សេវាទូរទស្សន៍ (Analog/Digital/Cable TV) ប្រតិបត្តិករផ្តល់សេវាកាសែត/ទស្សនាវតី និងអ្នកសារព័ត៌មាន ។ល។
ចុះអ្វីទៅជា “បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន – Information Communication Technology (ICT)” ?

“បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន – Information Communication Technology (ICT)” គឺជាការបូកបញ្ចូលគ្នារវាងបច្ចេកវិទ្យាចំនួន ២ (ពីរ) “បច្ចេកវិទ្យាទូរគមនាគមន៍” និង “ព័ត៌មានវិទ្យា” សំដៅដល់បច្ចេកវិទ្យាទាំងឡាយណា ដែលផ្តល់នូវលទ្ធភាពចូលទៅប្រើប្រាស់ព័ត៌មាន តាមរយៈបណ្តាញទូរគមនាគមន៍។
វាស្រដៀងទៅនឹងពាក្យថា “ព័ត៌មានវិទ្យា” ប៉ុន្តែវាផ្តោតទីមួយទៅលើបច្ចេកវិទ្យាទូរគមនាគមន៍ ដោយរាប់បញ្ចូលទាំងបណ្តាញអ៊ីនធឺណិត បណ្តាញទូរគមនាគមន៍ឥតប្រើប្រាស់ខ្សែ ឧបករណ៍សែលហ្វូន/ស្មាតហ្វូន/ទូរស័ព្ទដៃ និងមធ្យោបាយទូរគមនាគមន៍ដទៃទៀត។

នៅពេលមានកើតឡើងនូវ “បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន – Information Communication Technology (ICT)” វាបានធ្វើឱ្យមានការផ្លាស់ប្តូរទៅលើបរិបទនិងចរឹតគ្រប់គ្រងរបស់ក្រសួង/ស្ថាប័នជំនាញ ដែលជាអ្នកធ្វើនយោបាយ អ្នកធ្វើនិយ័តកម្ម និងប្រតិបត្តិករ ក្នុងវិស័យទូរគមនាគមន៍ និងវិស័យព័ត៌មានវិទ្យា តម្រូវឱ្យមានការពិចារណាប្តូរទៅជាមានការគ្រប់គ្រង (ធ្វើគោលនយោបាយ និងធ្វើនិយ័តកម្ម) បូកបញ្ចូលគ្នា ស្របទៅតាមនវានុវត្តន៍និងការបង្កើតឡើង/វិវត្តន៍ថ្មីនៃបច្ចេកវិទ្យា គេហៅថាជា “ដំណាក់កាលនៃការធ្វើគោលនយោបាយនិងនិយ័តកម្មជំនាន់ទី៣ និងទី៤” ដែលជាការគ្រប់គ្រងបូកបញ្ចូលគ្នារវាងវិស័យទូរគម-នាគមន៍ វិស័យព័ត៌មានវិទ្យា និងសោតទស្សន៍ ថែមទាំងមាតិការទៀតផង។

ចុះអ្វីហៅថា “ការបញ្ចូលឌីជីថល – Digital Inclusion” ទៅក្នុងបណ្តាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?

“ការបញ្ចូលឌីជីថល – Digital Inclusion” សំដៅដល់សកម្មភាពឬប្រតិបត្តិការទាំងឡាយណាចាំបាច់ ដើម្បីធានាថារាល់បុគ្គល និងសហគម រាប់បញ្ចូលទាំងអ្វីដែលជាគុណវិបត្តិ អាចមានលទ្ធភាពលុកចូលទៅ និងប្រើប្រាស់បណ្តាញ “បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន – Information Communication Technology (ICT)” ។

ចុះអ្វីហៅថា “សេដ្ឋកិច្ចឌីជីថល – Digital Economy” ?
“សេដ្ឋកិច្ចឌីជីថល – Digital Economy” សំដៅដល់សេដ្ឋកិច្ច ដែលពឹងផ្អែកទៅលើមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រឌីជីថល ឬអាចនិយាយយ៉ាងខ្លីបានថា វាជាការធ្វើធុរកិច្ចតាមរយៈផ្សារ ដែលពឹងផ្អែកលើបណ្តាញអ៊ីនធឺណិត និងវើលវ៉ាយវែប WWW – World Wide Web ។

“សេដ្ឋកិច្ចឌីជីថល – Digital Economy” ក៏អាចហៅថា សេដ្ឋកិច្ចតាមអ៊ីនធឺណិត ឬសេដ្ឋកិច្ចតាមបែបថ្មី ឬសេដ្ឋកិច្ចវែប។ ការកើនឡើងនៃសេដ្ឋកិច្ចឌីជីថល គឺជាការចូលមករំខានដល់សេដ្ឋកិច្ចបែបប្រពៃណី ដែលវាបានធ្វើឱ្យកាន់ខ្លាំងឡើងៗ។

នេះក៏ដោយសារតែជាលទ្ធផលចេញមកពីការចូលទៅតភ្ជាប់និងប្រើប្រាស់តាមអនឡាញរបស់មនុស្សរាប់ពាន់លាននាក់ ធុរកិច្ចរាប់ពាន់លានមុខ ឧបករណ៍រាប់ពាន់លាន ទិន្នន័យរាប់ពាន់លាន និងប្រតិបត្តិការរាប់ពាន់លាន ក្នុងមួយថ្ងៃៗ ទាំងនេះ វាផ្អែកទាំងស្រុងទៅលើអន្តរទំនាក់ទំនងរបស់មនុស្ស ស្ថាប័ន និងម៉ាស៊ីន ដែលជាលទ្ធផលកើតចេញមកពីអ៊ូនធឺណិត បច្ចេកវិទ្យាចល័ត និងអ៊ីនធឺណិតនៃវត្ថុ (Internet Of Things / IoT) ។

ដល់ពេលបង្កើតចេញមកនូវបច្ចេកវិទ្យា “ការបញ្ចូលឌីជីថល – Digital Inclusion” ទៅក្នុងបណ្តាញ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន – Information Communication Technology (ICT)” បានក្លាយខ្លួនជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមរយៈអភិវឌ្ឍន៍ខ្លួនទៅជាបណ្តាញអ៊ីនធឺណិតមហាលឿនជំនាន់ទី៥ “5G” សម្រាប់បម្រើឱ្យ“សេដ្ឋកិច្ចឌីជីថល – Digital Economy” ក្នុងដំណើរឆ្ពោះទៅរកឧស្សាហកម្ម ៤.០ នោះការគ្រប់គ្រង (ការធ្វើគោលនយោបាយនិងការធ្វើនិយ័តកម្ម) លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វានឹងឈានទៅរកយុគ្គសម័យមួយទៀតហៅថា “ដំណាក់កាលនៃការធ្វើគោលនយោបាយនិងនិយ័តកម្មជំនាន់ទី៥” ដែលជាការគ្រប់គ្រងបូកបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍ វិស័យព័ត៌មានវិទ្យា សោតទស្សន៍ មាតិការ និង បច្ចេកវិទ្យាឌីជីថល។

អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលតម្រូវឱ្យមានការអនុវត្តបង្កើតឱ្យមាន “សេដ្ឋកិច្ចឌីជីថល ឬឌីជីថលកម្មសេដ្ឋកិច្ច” ដំណើរឆ្ពោះទៅរកឧស្សាហកម្ម ៤.០ ដោយឡែកក្រសួងយើងមានតួនាទីបង្កើតឱ្យមាន “ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ឬហេដ្ឋារចនាសម្ព័ន្ធជំនាន់ទី៥ ហៅថា 5G”។

កាលណាយើងនិយាយអំពី “ឌីជីថលកម្ម” វាពាក់ព័ន្ធទៅនឹងធាតុ៥ រួមមាន “ពពកកុំព្យូទ័រ បណ្តាញជំនាន់ទី៥ ហៅថា 5G ការវិភាគទិន្នន័យ សន្តិសុខសាយប័រ និងអ៊ីនធឺណិតនៃវត្ថុ ”។

ហើយបើនិយាយអំពី “បណ្តាញជំនាន់ទី៥ ហៅថា 5G” គឺ 5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ឆ្ពោះទៅកាន់ ឧស្សាហកម្ម ៤.០ និងដើរតួនាទីធ្វើឱ្យគ្រប់វិស័យវៃឆ្លាត រួមមាន៖ សិប្បកម្មវៃឆ្លាត សុវត្ថិភាពនិងសន្តិសុខវៃឆ្លាត ការដឹកជញ្ជូនវៃឆ្លាត សុខាភិបាលវៃឆ្លាត គេហដ្ឋានវៃឆ្លាត ឋាមពលវៃឆ្លាត គមនាគមន៍វៃឆ្លាត និងវិស័យដទៃទៀតវៃឆ្លាត។
សូមបញ្ជាក់ថា, ករណីខាងលើរៀបរៀងនិងសរសេរដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាទូរគមនាគមន៍ នៅអតីតសហភាពសូវៀត ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៤ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print